ព័ត៌មានជាតិ

ចាក់គួរខ្លាំងពេក ក្រឡាប់ផ្ងារជើង ធ្លាក់ទឹកកករាយពេញផ្លូវ

ភ្នំពេញ: រថយន្តកូរ៉េឃ្លប់ដឹកទឹកកកមួយគ្រឿង បើកបោះពួយលឿន ប្រញាប់យកដាក់ឲ្យម៉ូយ គេចពីរថយន្តខាងមុខ ចាក់គួរខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចាក់ទឹកកកចោលពេញផ្លូវ កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តខាងលើ ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5790 ឃ្លប់ដឹកទឹកកក ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ប្រញាប់យកទឹកកកដាក់ឲ្យម៉ូយ លុះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខ តៃកុងបួងចង្កូតចាក់គួរខ្លាំងពេក រួមផ្សំជាមួយរថយន្តដឹកធ្ងន់ផងនោះ ទើបធ្វើឲ្យក្រឡាប់ផ្ងារជើង ធ្លាយរហែកទ្រុង ចាក់ទឹកកកចោលពេញផ្លូវ សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុ រថយន្តខាងលើ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង មិនមានប៉ះពាល់ដល់អ្នកដទៃ ទើបអនុញ្ញាតឲ្យម្ចាស់ រករថយន្តស្ទូចមកលើក យករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់