ភ្នំពេញៈ ម៉ូតូជិះឌុបគ្នាពីនាក់ប្តីប្រពន្ធ ទៅត្រង់ស្រាប់តែរថយន្តសាំយ៉ុង បើកដោយជនជាតិកូរ៉េ ឆ្លងផ្លូវម៉ូតូបុកគូថផាំង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវបេតុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ម៉ូតូម៉ាក Vision ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GF -3571 ជិះដោយប្តីប្រពន្ធពីរនាក់ ប្តីឈ្មោះ វណ្ណារ៉ា បុប្ផាល័យ ភេទប្រុស អាយុ៤០ ធ្វើការនៅទឹកបរិសុទ្ធឱរ៉ាល់ ប្រពន្ធឈ្មោះ សុខ ភាព អាយុ៤១អ្នកទាំង២ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។
រថយន្តម៉ាកសាំយ៉ុង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AU 1263 បើកដោយបុរសជនជាតិកូរ៉េម្នាក់ មិនត្រូវបានស្គាល់ ឈ្មោះនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូខាងលើ ជិះឌុបគ្នាដោយប្តីប្រពន្ធពីរនាក់ ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អា ខណៈមកដល់ចំណុចខាងលើ ក៏មានរថយន្តម៉ាកសាំយ៉ុង ធ្វើដំណើរពីផ្លូវបេតុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៦ ជិតផុតទ្រូងផ្លូវ ក៏មានឧបសគ្គខាងមុខ ទើបរថយន្តជាន់ប្រាំង ឈប់ម៉ូតូទៅត្រង់បុកគូថរថយន្តផាំង បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះ នៅសម្ភពរស្មីពន្លឺ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ៕

















មតិយោបល់