ព័ត៌មានជាតិ

យុវជន២នាក់ត្រូវរថយន្តដឹកទំនិញធុនធំបុកស្លាប់និងរបួសធ្ងន់ នៅក្រុងស្វាយរៀង

ស្វាយរៀង: នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៦-១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង/ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ វ៉ោន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ ធ្វើដំណើរពីលិចទៅកើត ជិះម៉ូតូម៉ាក្ស ហុងដា PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1O-4849 (ផ្លាកលេខក្លែងក្លាយ) រួមដំណើរជាមួយឈ្មោះ យស់ វ៉ាន់ណេត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុត្ថិភាព រងរបួសធ្ងន់ (បាក់ជើងឆ្វេង)។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកពីរថយន្ដមិនស្គាល់ម៉ាក ជាប្រភេទដឹកទំនិញធុនធំ មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើករត់គេចពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង រីឯអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់