ព័ត៌មានជាតិ

ទារិកាចំឡែក កើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀក

បាត់ដំបងៈ រឿងដ៏ចំឡែកមួយបានកើតឡើង ព្រមទាំងធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋដែលសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយសារតែមាន ទារិកាម្នាក់ដែលបានកើតមកមានកាយសម្បទាគ្រប់គ្រាន់ ប៉ុន្តែ ចំឡែកត្រង់ថា គ្មានស្លឹកត្រចៀក និងរន្ធត្រចៀកសោះឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យមានការងឿងឆ្ងល់ជាខ្លាំង ។

ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងនៅក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយដែលប្រកបមុខរបរធ្វើចំការ រស់នៅភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលម្តាយទារិកានោះមានឈ្មោះ ជួន សុខា អាយុ២៥ឆ្នាំ ព្រមទាំងមានស្វាមីឈ្មោះ ឌុល វុទ្ធី អាយុ២៥ឆ្នាំដូចគ្នា ដោយស្ត្រីជាភរិយាបានសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកស្រុក សំពៅលូន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០យប់។

ការភ្ញាក់ផ្អើលនេះ គឺដោយសារតែឪពុក ម្តាយ របស់ទារិកាដែលទើបនឹងកើតមក មានកាយសម្បទាគ្រប់គ្រាន់ ប៉ុន្តែគ្មានស្លឹកត្រចៀក និងគ្មានរន្ធត្រចៀកទាំងសងខាង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលសម្រាកនៅក្បែខាង នាំគ្នាមកចោមរោមមើល ព្រមទាំងបានលាន់មាត់គ្រប់ៗគ្នា ដិយការចូលរួមអាណិតអាសូរ ដល់ទារិកាដ៏អភ័ព្វនេះ។

បុរសជាឪពុក បាននិយាយថា ពួកគេរៀបការ៤ឆ្នាំមកហើយ ដោយមានកូន២នាក់ កូនប្រុសច្បងអាយុជាង២ឆ្នាំ ដោយឡែកសម្រាប់កូនស្រីទើបកើតមកបាន៣ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មានភាពចម្លែកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀក ទាំងពីរបែបនេះ ដែលធ្វើ ឲ្យគាត់មានក្តីអាណិត ជាទីបំផុតមិនដឹងថា ធំពេញវ័យឡើងគេតូចចិត្តនិងវាសនា យ៉ាងដូចម្តេចនោះឡើយ ហើយក៏ទំនងជាមិនអាចស្តាប់អ្វីឮថែមទៀតផង ដោយនៅពេលនេះ គឺលោកទាល់គំនិតរកផ្លូវណាដើម្បីជួយកូនស្រីនេះបានឡើយ។

ឪពុក ម្តាយទារិកាអភ័ព្វ បានសំណូមពរដល់សប្បុរសជនក្នុងនិងក្រៅប្រទេស បើសិនដឹងថា មានមន្ទីរពេទ្យណាអាចវះកាត់ព្យាបាលត្រចៀកបានសូមមេត្តាជួយដល់កូនស្រី និងគ្រួសារគាត់ផងពីព្រោះពួកគាត់គ្មានលទ្ធភាព រកកន្លែងវះកាត់ព្យាបាលនោះទេ ដោយសារតែបញ្ហាកង្វះខាតក្នុងជីវភាព៕

មតិយោបល់