ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តកូរ៉េ ដឹកក្រដាសកាតុងលឿនមិនប្រយ័ត្ន ជ្រុលបុកកុងតឺន័រចតស្ងៀម បណ្តាលឲ្យគាបជាប់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តកូរ៉េដឹកក្រដាសកាតុងលឿន ជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀម បណ្ដាលឲ្យគាបជាប់មនុស្ស ២នាក់ ស្ថិតតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0184 បានបើកយកមកឈប់ចតនៅលើចិញ្ចើមផ្លូវមហាវិថីចោមចៅ ចំណុចទល់មុខនិងក្រុមហ៊ុនហុងដា រួចតៃកុងបានចុះដើរចេញទៅក្រៅបាត់ស្រមោល លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5084 បើកបរដោយបុរសម្នាក់ ដឹកក្រដាសកាតុង ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីចោមចៅពីលិចមកកើតក្នុងល្បឿនលឿន រេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាបទូចេញពីរថយន្ត និងគាបជាប់តៃកុងក្នុងកាប៊ីនមុខ រងរបួសធ្ងន់ស្រាល ត្រូវប្រជាពលរដ្ឋជិតខាងជួយគាស់យកចេញ និងទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ទីតាំងវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់