បាត់ដំបងៈ បុរសម្នាក់បានដើរឆ្លងថ្នល់មិនប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកស្លាប់មួយរំពេច កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម១៩ភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីសាក្សីបាននិយាយថា នៅមុនពេលកើតហេតុទំនងជាជនរងគ្រោះ បានធ្វើដំណើរឆ្លងកាត់ផ្លូវដោយថ្មើរជើង ស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តមួយគ្រឿង បានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត មិនបានស្គាល់ម៉ាក និងមិនបានឃើញស្លាកលេខបានបុកទៅលើជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរូបនេះប៉ើងជាច្រើនម៉ែត្រ ព្រមទាំងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុមុនពេលដែល សមត្ថកិច្ចចុះទៅដល់ គឺរថយន្តបង្កបានបើករត់គេចបាត់ស្រមោល ដោយបន្សល់តែសពជនរងគ្រោះដែលដេកក្នុងថ្លុកឈាមនៅលើផ្លូវជាតិតែប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ ចាន់ វែង ភេទប្រុស អាយុ៣៧ឆ្នាំ ដោយសពនិងម្ដាយបង្កើតរបស់គេ រស់នៅជាមួយនឹងលោក ប៉ោ វិចិត្រ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ដោយឡែករថយន្តបង្កក៏សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផងដែរ ដើម្បីនាំយកមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់