ព័ត៌មានជាតិ

ផឹកចំស្រាកាចខឹងគេ ដេញវាយមន្ត្រីរាជការម្នាក់ បណ្តាលឲ្យរងរបួសទាំងសងខាង

ភ្នំពេញៈ យុវជនបីនាក់ បានប្រតាយប្រតប់គ្នា ជាមួយនឹងបុរសម្នាក់ ដែលកំពុងជិះម៉ូតូដឹកប្រពន្ធ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនដៃដល់ទាំងបីនាក់ទី១ឈ្មោះ ទិត្យ សុភក្រ័ អាយុ២៨ឆ្នាំ ជាកម្មករសំណង់ទី២ មានឈ្មោះ វ៉ាន់ ចាន់ថា អាយុ២៤ ជាកម្មករសំណង់ និងទី៣ឈ្មោះ សុខ វិសាល អាយុ២០ឆ្នាំ ជាកម្មករសំណង់ អ្នកទាំងបីនាក់ខាងលើស្នាក់ នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ដោយឡែកបុរសរងគ្រោះឈ្មោះ ឡយ សុធារិទ្ធ អាយុ៣១ឆ្នាំ ជាមន្រ្តីរាជការ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1I-2483 ដឹកប្រពន្ធពីក្រោយ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយហាណូយ។ មកដល់ចំណុចផ្លូវរថភ្លើង ដែលប្រសព្វជាមួយនិងផ្លូវហាណូយ ជនរងគ្រោះក៏បានប្រទះឃើញយុវជនទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AO-4287 បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ រេពេញផ្លូវ ក្នុងទិសដៅស្របគ្នា។

ខណៈពេលនោះបុរសរងគ្រោះ បានស្រែកប្រាប់ថា អាអូន ហែងស្រវឹងមែន ជិះរេខ្លាំងម៉្លេះ ប្រយ័ត្នជិះចូលឡានណាអាអូន។ ភ្លាមៗនោះក៏មានយុវជនម្នាក់ ក្នុងចំណោមបក្ខពួកទាំង៣នាក់ បានឆ្លើយមកវិញថា អត់អីទេបង មកពីរវល់ជាប់និយាយទូរស័ព្ទ បន្ទាប់មកបុរសរងគ្រោះ រួមជាមួយប្រពន្ធ ក៏បានជិះម៉ូតដឹកគ្នាបន្តដំណើរទៅមុខទៀតជាធម្មតា។

ប្រភពដដែលបន្តថា លុះជនរងគ្រោះ ជិះមកដល់ចំណុចកើតហេតុ ស្រាប់តែយុវជនទាំងបីនាក់ខាងលើ ជិះតាមមកពីក្រោយ ហើយថែមទាំងស្រែកដាក់ជនរងគ្រោះថា «ហែងចង់យ៉ាងម៉េច»។ ពេលនោះជនរងគ្រោះ ក៏ឈប់ចុះពីលើម៉ូតូ រួចក៏ត្រូវយុវជនទាំងបីនាក់នោះ ព្រួតវាយបណ្តាលឲ្យជ្រុះមួកសុវត្ថិភាព និងបាក់ធ្មេញខាងមុខចំនួនពីរ ចំណែកឯយុវជនម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ខាងលើ រងរបួសរយះដៃខាងស្ដាំ។

ភ្លាមៗនោះជនរងគ្រោះ ក៏បានរើសមួកសុវត្ថិភាពរបស់ខ្លួន រួចវាយប្រតាយប្រតប់ទៅលើ យុវជនទាំងបីនាក់ខាងលើវិញ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមផ្លូវនាំគ្នាជួយចាប់ឃាត់ស្ទើរមិនចង់ជាប់។ ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ នាំយកទៅសាកសួរនាំ។

ក្រោយពីធ្វើការសួរនាំយុវជនទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើបុរសរងគ្រោះប្រាកដមែន គឺព្រោះតែខឹងបុរសរងគ្រោះ ស្រែកជេរថា ឲ្យពួកគេ។

ដោយឡែកបុរសរងគ្រោះ បានឆ្លើយថា គាត់មិនបានស្រែកជេរប្រមាថទៅលើពួកគេនោះទេ គឺគាត់គ្រាន់តែមានបំណងល្អ ព្រោះឃើញស្រវឹង ជិះម៉ូតូរេពេញផ្លូវខ្លាំងពេក។

ក្រោយពេលកើតហេតុ ដោយមានការសួរនាំ និងសម្របសម្រួលពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ទើបភាគីខាងបង្កដឹងពីកំហុស ហើយក៏សុំទោស និងសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយចេញសង់ថ្លៃព្យាបាលរបួសចំនួន២០០ដុល្លារ ឲ្យទៅភាគីរងគ្រោះ និងធ្វើកិច្ចសន្យាបញ្ចប់រឿង៕

មតិយោបល់