ភ្នំពេញៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាចោរអាជីពធ្លាប់ធ្វើសកម្មភាពលួចជាច្រើកលើក និងធ្លាប់ជាប់ពន្ធនាគារច្រើនដងផងដែរ។
ជនសង្ស័យឈ្មោះ ឆែម ឆោម ហៅតៅ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន បានកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី បន្ទាប់ពីធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចកង់ ០១គ្រឿង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន និងចម្លើយសារភាពប្រាប់ឲ្យដឹងថា ខ្លួនទើបតែត្រូវពន្ធនាគារខេត្តកណ្តាល ដោះលែងនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ហើយរូបគេបានរស់នៅតែលតោល តាមតូបលក់ឥវ៉ាន់ ក្នុងផ្សារច្បារអំពៅ និងធ្វើជាកម្មករប្រមូលសម្រាម ឲ្យអាជីវករក្នុងផ្សារច្បារអំពៅ ដើម្បីបានលុយទិញបាយហូប តែរូបគេពុំបានធ្វើជាកម្មករអាជីបនោះទេ គឺដើរធ្វើសកម្មភាពលួចបន្ថែមទៀត។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ រូបគេលួចម៉ូតូបានសម្រេចចំនួន ០៣ដង៖
-លើកទី១ លួចបានម៉ូតូ ០១គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ដោយប្រើកន្ត្រៃឆ្កឹះ ដើម្បីកាច់សោ.ក ដែលម្ចាស់គេចតទុកមុខផ្ទះជួល នៅភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកទៅលក់នៅម្តុំច្រាំងបាក់(ច្បារអំពៅ) បានប្រាក់ ៥០ដុល្លារ អាមេរិក
-លើកទី២ លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្មាស់វី ពណ៌ខៀវ នៅម្តុំផ្សារកាច់ជ្រុង អតីតខាងក្រោយរោងចក្រ ឆេកូ ក្រុងតាខ្មៅ ខេត្តកណ្តាល (អតីតរោងចក្រផលិតកៅស៊ូកង់រថយន្ត) យកទៅលក់នៅកន្លែងដដែល បានប្រាក់ ៣៦ម៉ឺនរៀល
-លើកទី៣ លួចបានម៉ូតូ ០១គ្រឿង ម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ នៅម្តុំទួលក្រសាំង ខេត្តកណ្តាល យកទៅលក់នៅកន្លែងដដែល បានប្រាក់ ៥០ដុល្លា អាមេរិក។
រីឯប្រាក់ដែលបានពីការលួចម៉ូតូ រូបគេផ្ញើទៅឲ្យម្តាយនៅស្រុកខ្លះ ហើយទុកលេងល្បែងហ្គេមបាញ់ត្រី និងទិញគ្រឿងញៀនជក់ លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី រូបគេបានទៅលេងហ្គេមបាញ់ត្រី នៅម្តុំច្រាំងបាក់ (ច្បារអំពៅ) ក៏បានជួបបក្ខពួកឈ្មោះ ញ៉ា ហើយបានប្រើឲ្យខ្លួន ទៅលួចកង់នៅផ្ទះមួយកន្លែង និងយកទៅលក់នៅម្តុំវត្តកំសាន្ត (ច្បារអំពៅ) បានប្រាក់ ០២ម៉ឺនរៀល យកទៅលេងហ្គេមបាញ់ត្រីចាញ់អស់ ទើបដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៤៩នាទី រូបគេត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចុះទៅឃាត់ខ្លួនតែម្តង។
ជនសង្ស័យបន្ថែមទៀតថា រយៈពេលប្រហែល ០៤ឆ្នាំកន្លងមក រូបគេធ្លាប់ជាប់ពន្ធនាគារ ០៣លើក៖
-លើកទី១ ជាប់ពន្ធនាគារស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេលពីរឆ្នាំកន្លះ ករណីចែកចាយគ្រឿងញៀន (កម្លាំងអាវុធហត្ថឃាត់ខ្លួន)
-លើកទី២ ជាប់ពន្ធនាគាររយៈពេល ០៨ខែ ករណីលួចគាស់ផ្ទះយកសម្ភារៈមានតម្លៃ (កម្លាំងនគរបាលឃាត់ខ្លួន)
-លើកទី៣ ជាប់ពន្ធនាគាររយៈពេល ០៨ខែ ទៀតករណីលួចគាស់ផ្ទះយកសម្ភារៈមានតម្លៃ (កម្លាំងនគរបាលឃាត់ខ្លួន)៕
មតិយោបល់