ព័ត៌មានជាតិ

សូមទទួលទានដោយប្រុងប្រយ័ត្ន! រកឃើញ ហតដកសាច់មាន់ ការ៉េម នំប៉ាវ ហតដកសាច់ជ្រូក និងយ៉ាអ៊ួរ ខូចគុណភាព

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយបានការសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារទំនើបចំនួន២ មានផ្សារទំនើបត្រីកោណ និងផ្សារទំនើប ចៅ សាំងហុក ស្ថិតនៅភូមិសាលាកន្សែង និង ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១២,២៧០ក្រាម ដែលមានដូចជា៖
– ហតដកសាច់មាន់ ចំនួន ២,៥០០ក្រាម
– ការ៉េម ចំនួន ១,៣៨០ក្រាម
– នំប៉ាវ ចំនួន ៦,១២០ក្រាម
– ហតដកសាច់ជ្រូក ចំនួន ២,០០០ក្រាម
– យ៉ាអ៊ួរ ចំនួន ២៧០ក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល នៅពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់