ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ អភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល បានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជនប្រមាណជាង៤០០នាក់ ចុះទៅស្ទួងស្រូវជូនប្រជាពលរដ្ឋភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលើផ្ទៃដី២ហិកតា។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ផ្ទៃដីដែលអាជ្ញាធរខេត្តនាំគ្នាចុះទៅស្ទួងនៅថ្ងៃនេះមានចំនួន២ហិកតាជាប្រភេទស្រូវផ្ការំដួល។ហើយនៅទូទាំងខេត្តរហូតមកដល់ថ្ងៃនេះសម្រេចស្ទួង និងព្រោះបានជាង៨ម៉ឺនហិកតាស្មើរនិង៥០ភាគរយ នៃផែនការដែលគ្រោងទុកនោះមានចំនួន១៦ម៉ឺនហិកតាបើប្រៀបធៀបទៅនិងឆ្នាំទៅលើសចំនួន៤០០ហិកតាគិតត្រឹមថ្ងៃទី១៤ កក្កដានេះ និងបញ្ចប់ការងារស្ទួងព្រោះនេះឲ្យហើយនៅបំណាច់ចុងខែកញ្ញាខាងមុខនេះផងដែរ។
លោក ថាច់ រតនា បានបន្តទៀតថា ឆ្នាំនេះអំណោយផលជាងឆ្នាំទៅ ព្រោះមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅទូទាំងខេត្ត ដូច្នេះហើយទើបកសិកររុះរាន់ព្រោះ និងស្ទួងបានជាបន្តបន្ទាប់។
លោក ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការកោតសរសើរដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនដែលបាននាំគ្នាមកចុះជួយស្ទួងស្រូវជូនប្រជាពលរដ្ឋហើយទាំងនេះបញ្ជាក់ឲ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នាជាមួយពលរដ្ឋ ម្យ៉ាងវិញទៀតក៏ដើម្បីពង្រឹងវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនក្នុងការលើកស្ទួយជីវភាពរស់នៅសមរម្យរបស់ពលរដ្ឋ និងសង្គមជាតិផងដែរ។
លោក ម៉ែន វិបុល ក៏បានធ្វើការជំរុញដល់ពលរដ្ឋត្រូវនាំគ្នារុះរាន់ធ្វើស្រែឲ្យទាន់រដូវកាល និងចេះរើសប្រើប្រាស់ពូជស្រូវ ដែលមានទិន្នផលច្រើនចំណាយតិចព្រមទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិផ្សេងៗ ខណៈដែលមានភ្លៀងផ្គរន្ទះត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។ សូមបញ្ជាក់ថា លោក ម៉ែន វិបុល បានចែកគ្រាប់ពូជសណ្តែក ពោតដល់ពលរដ្ឋ៨០គ្រួសារ ក្នុងភូមិឫស្សីជួរ ដើម្បីទុកដាំនៅរដូវរំហើយផងដែរ៕
មតិយោបល់