ព័ត៌មានជាតិ

ចោររហ័សដៃ ម្ចាស់រហ័សភ្នែក! ឆ្លៀតជនរងគ្រោះ ប្រហែស លួចជិះរត់គេចតាំងពីខណ្ឌចំការមន ដល់ខណ្ឌដូនពេញ ចុងក្រោយគេចមិនរួច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង បានសម្រេច នៅចំណុចមុខហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ហើយបានព្យាយាមជិះរត់គេចខ្លួន ទាំងជនរងគ្រោះ ខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បានដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ ជួយចាប់និងស្វាគមន៍ឡើងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។

ជនសង្ស័យឈ្មោះ លី ហេង (ហៅហេង)ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Zoomer X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃើ ភេទប្រុស អាយុ២១ឆ្នាំ មុខរបបមន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

យោងតាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកហាង ត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោ ព្រោះគិតថា ចូលមួយភ្លេត ខណ:ពេលនោះក៏លេចមុខជនសង្ស័យខាងលើ ដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះ រួចឡើងបញ្ឆេះជិះយ៉ាងប្រញាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចម្ការមន) រហូតដល់ផ្លូវ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់