ព័ត៌មានជាតិ

រថយន្តតូយ៉ូតាព្រូស បុកជាមួយម៉ូតូកង់បី បណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងកង់បី បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបរម៉ូតូកង់បីមួយគ្រឿងម៉ាក បាចា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GV-6816 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ពីលិចទៅកើតលុះដល់ចំណុចកើតហេតុម៉ូតូកង់បីនោះ ក៏បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយវិញ ខណៈពេលដែលបត់ជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ កាប់ស្តាំង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសទិសគ្នាជាមួយម៉ូតូកង់បី និងក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីក្រោយចំហៀងខាងស្ដាំម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត និងអ្នកបើកបររងរបួសបែកក្បាល បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តបានរងការខូចខាតបែកកាងខាងមុខចំហៀងខាងស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច និងសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់