ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ដែលចតទុកភ្លេចដកសោបានសម្រេចហើយជិះរត់គេចខ្លួន ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ១៨៧ ត្រង់ចំណុចហាងលក់ស្រាអនឡាញ ក្រោយសាលាវ៉ាន់ដា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដេញចាប់ឃាត់ខ្លួនបាននៅផ្លូវ១៣០កែង និងផ្លូវ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លី ហេង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៃ ឬទ្ធីឃើ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមន្ត្រីនគរបាលសង្កាត់មិត្តភាពខណ្ឌ៧មករា។
វត្ថុតាងដកហូត៖ ម៉ូតូម៉ាក ZOOMERX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខរតនគីរី1B-6846 ជារបស់ជនរងគ្រោះ និងសម្ភារៈជាសម្បត្តិអាជ័យមួយសាក់កាដូជារបស់ជនសង្ស័យ។
ដំណើររឿង៖ យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូក្នុងគោលបំណងទៅឈប់ទិញក្តាមប្រៃនៅហាងខាងលើ ដោយភ្លេចដកសោម៉ូតូចេញ។ ខណៈពេលគាត់ជាប់មាត់និយាយជាមួយបងប្អូននៅក្នុងហាងនោះបន្តិច ក៏ស្រាប់តែលេចមុខជនសង្ស័យដើរដោយថ្មើរជើង ហើយមានស្ពាយសាក់កាដូមួយ មកធ្វើសកម្មភាពឡើងជិះម៉ូតូចេញទៅតែម្តងហើយភ្លាមៗនោះដែរ គាត់ក៏ក្រឡេកឃើញនាំគ្នារត់ចេញមកក្រៅស្រែកថា ចោរៗផ្អើលនាំគ្នាជិះម៉ូតូដេញតាមរហូតដល់ច្រកចូល ឌឿង ហែមផ្លូវ១៣០កែង និងផ្លូវ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យជិះទៅបុកគែម បណ្តាលឲ្យដួលក៏ត្រូវជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋនាំគ្នា ស្វាគមន៍ម្នាក់មួយដៃមួយជើងសន្លប់ស្តូកស្តឹងតែម្តង។
ក្រោយមកឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកទៅ ធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង៕
មតិយោបល់