ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជារៀងរាល់ឆ្នាំ នៅលើពិភពលោក អ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែកមានចំនួន ៥លាននាក់

ភ្នំពេញ: លោក Nam Han Cho ប្រធាននិងសាស្រ្តាចារ្យនៃនាយកថ្នាំបង្ការនៃមជ្ឈមណ្ឌលសម្រាប់ព្យាបាល ជំងឺរាតត្បាត មានប្រសាសន៍នៅក្នុងឱកាសបើកទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី៨ និងថែទាំវេជ្ជសាស្ត្រ លើកទី៣ ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៦ នាមន្ទីរពេទ្យព្រះកុសុមៈ ថា ជារៀងរាល់ឆ្នាំ នៅលើពិភពលោក អ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែកមានចំនួន ៥លាននាក់ ហើយការកើនឡើងនេះដែរ ដោយសារតែមនុស្ស ទាំងនោះ មិនបានធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ជាពិសេសគឺការបរិភោគអាហារបែបលោកខាងលិច។

លោកបានបន្តថា មនុស្សដែលប្រឈមមុខកើតជំងឺទឹកនោមផ្អែមពីមានអាយុចន្លោះពី ៣០ ទៅ ៦០ឆ្នាំ ហើស ម្រាប់មនុស្សធាត់គឺអាចប្រឈមខ្លាំងជាងគេ ដូច្នេះដើម្បីទប់ស្កាត់ជំងឺនេះបាន លុះត្រាយើងត្រូវទៅជួបពិគ្រោះ ព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជាប្រចាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺមិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្តែជំងឺនេះអាចបង្ការបានតាមរយៈការហូបអាហាដែលមានសុខុមាភាព ធ្វើពលកម្ម កុំប្រើប្រាស់គ្រឿងស្រវឹង និងជក់បារីជាដើម ។ ដូច្នេះដើម្បីបង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺមិនឆ្លងផ្សេងទៀត កុំឲ្យរីករាលទៅមុខទៀត។

ជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏កាចសាហាវមួយដែលមនុស្សយើងងាយនឹងកើតមានដោយមិនដឹងខ្លួន ហើយជំងឺនេះមិនឆ្លងនោះទេ តែអាចជាជំងឺតពូជបណ្តាលមកពីវ័យចំណាស់ និងកង្វះអាហារូបត្ថម្ភរបស់ទារកនៅក្នុងផ្ទៃ និងកុមារ។ ការបរិភោគអាហារ ដែលមានជាតិកាឡូរីខ្ពស់ដោយមិនមានការហាត់ប្រាណ ជក់បារី ឬសេពសុរាច្រើន ការលើសជាតិស្ករក្នុងឈាមច្រើនពេកបណ្តាលឲ្យលើសទម្ងន់។

បើតាមលោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈបានលើកឡើងថា ប្រសិនបើអ្នកលើសទម្ងន់ធ្វើឱ្យអ្នកឆាប់អស់កម្លាំង បែកញើសច្រើន ឧស្សាហ៍ឈឺក្បាលវិលមុខ ស្រវាំងភ្នែក ទទួលអាហារ និងទឹកច្រើន ឬបត់ជើងតូចញឹកញាប់ ជាពិសេស ពេលយប់អ្នកគួរគប្បីប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ផ្ទុយទៅវិញ បើអ្នកមិនមានវិធានការទប់ស្កាត់ និងថែមទាំសុខភាពឲ្យបានត្រឹមត្រូវទេ ជំងឺទឹកនោមផ្អែមអាចគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់អ្នករហូតដល់បាត់ង់ជីវិត។

លោកបានបញ្ជាក់ថា សម្រាប់កម្ពុជាវិញជំងឺនេះនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិត ខាងយើង។ ប៉ុន្តែបើសិនយើងមិនមានវិធានការទប់ស្កាត់នោះទេ នាពេលអនាគតជំងឺអាចនឹងរីករាលខ្លាំងផងដែរ ។ អត្រាអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅសកលលោក រយៈពេល៦វិនាទីស្លាប់ម្នាក់។

សូមបញ្ជាក់ថា ការសិក្សារវាស់ស្ទង់ បានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែម នឹងកើនរហូតដល់ ៥៩២លាននាក់ នៅត្រឹមឆ្នាំ២០៣៥ ពោលគឺកើនឡើងប្រហែល៥៣%៕

មតិយោបល់