ព័ត៌មានជាតិ

Update៖ ជនអនាថា ផឹកស្រវឹងដេកស្លាប់តាមផ្លូវ ពលរដ្ឋជួយចូលលុយគ្នារៀបចំធ្វើបុណ្យ

ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ ផឹកស្រាប្រចាំរាល់ថ្ងៃ យកចិញ្ចើមផ្លូវ សំយ៉ាបផ្ទះប្រជាពលរដ្ឋ ធ្វើជាទីស្នាក់អាស្រ័យ ទីបំផុតស្លាប់តាមផ្លូវ រកតែសាច់ញាតិមិនឃើញផង បានប្រជាពលរដ្ឋចូលលុយគ្នា ចាត់ចែង ដឹកយកទៅធ្វើបុណ្យនៅវត្ត ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវ QMI ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា សាកសពមិនត្រូវបានអ្នកណាស្គាល់អត្តសញ្ញាណ ច្បាស់ឡើយ បានត្រឹមតែស្គាល់ ឈ្មោះ តុលា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនអនាថា ដើរដេក ស្នាក់អាស្រ័យ តាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ ប្រជាពលរដ្ឋ នៅម្តុំកើតហេតុ ច្រើនខែមកហើយ មិនដឹងសាច់ញាតិ ផ្ទះសម្បែង នៅដល់ណាឡើយ កន្លងមករស់ដោយសារ សុំ បាយទឹកគេ ជួនពលរដ្ឋ អ្នកលក់ដូរ តាមមុខរោងចក្រ ឲ្យបាយ ទឹក តែជនរូបនេះ ផឹកស្រាប្រចាំ ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ ឃើញបុរសខាងលើ ស្រវឹងស្រា តែគ្មានអ្នកណាចាប់អារម្មណ៍ ក៏ដោយសារ គាត់ស្រវឹងបែបនេះរាល់លើក ដើរតាមផ្លូវ ស្រាប់តែដល់ចំណុចខាងលើ ដួលសន្លប់បាត់មាត់ក ដាស់មិនឆ្លើយ ហៅមិនដឹងខ្លួន ត្រដរខ្យល់ស្លាប់ភ្លាមៗ រកតែហៅឡានពេទ្យមិនទាន់ផង ។

លោក សៅ សារិន មេភូមិត្រពាំងពោធិ បានឲ្យដឹងថា បុរសរូបនេះ ឃើញមានវត្តមាននៅក្នុងភូមិគាត់ច្រើនខែមកហើយ ពលរដ្ឋឧស្សាហ៍ ឲ្យជាបាយទឹក តែទោះជាហាមកុំឲ្យផឹកស្រា ក៏មិនឈប់ដែរ ឃើញផឹករាល់ថ្ងៃ ។

ក្រោយកើតហេតុ ពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង ឃើញថា បុរសរូបនេះ ផឹកស្រាច្រើនពេក ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់ ។

ដោយសាកសព គ្មានសាច់ញាតិ គ្មានបងប្អូន មានតែមេភូមិជួយ៦០ម៉ឺនរៀល ប្រជាពលរដ្ឋមានឈ្មោះ ខាវ លុច្ស ១០០០០០រៀល និង ខាវ ស្រីលីន ៥០០០០រៀល និងប្រជាពលរដ្ឋមួយជាច្រើនទៀត ចូលតាមសទ្ធារ ដើម្បីជាបច្ច័យ ចាត់ចែង យកទៅធ្វើបុណ្យនៅវត្តតាំងកសាងខាងត្បូងតាមប្រពៃណី ហើយសមត្ថកិច្ច ក៏កំពុងបន្តស្រាវជ្រាវស្វែងរកសាច់ញាតិផងដែរ៕

មតិយោបល់