ព័ត៌មានជាតិ

ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញគម្រោងបុរីផ្ទះល្វែងចំនួន ៥ទីតាំង ក្នុងស្រុកចំនួនពីរដែលពុំមានច្បាប់អនុញ្ញាត

យោងតាមផេករដ្ឋបាលខេត្តសៀមរាម បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ គម្រោងបុរី ផ្ទះល្វែងចំនួន ៥ទីតាំង ស្ថិតនៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ត្រូវបានក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលា ខេត្ត រួមនឹងក្រុមការងារចម្រុះ បានត្រួតពិនិត្យនៅតាមការដ្ឋានសាងសង់គម្រោងបុរីនានានៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគងឃើញថាពុំទាន់បានសុំច្បាប់ត្រឹមត្រូវស្របទៅតាមនីតិវិធីនៅឡើយ។

ទីតាំងគម្រោងបុរីផ្ទះល្វែងទាំង ៥ទីតាំងដែលពុំមានច្បាប់អនុញ្ញាតរួមមាន ៖

១-គម្រោងមហាមន្ទីរ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ២-គម្រោងបុរីអង្គរលែនបន្ទាយស្រី ស្ថិតនៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី
៣-គម្រោងភូមិដ្ឋានសំណាង ស្ថិតនៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង និង ២ទីតាំងទៀតមិនបានជួបម្ចាស់ ឬតំណាង ស្ថិតនៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ និងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី តែកក្រុមការងារបានកំណត់កាលបរិច្ឆេទជួបនាពេលបន្ទាប់។

ទន្ទឹមនឹងការចុះពិនិត្យនេះ ក្រុមការងារបានណែនាំឲ្យម្ចាស់គម្រោងបញ្ឈប់សកម្មភាពទាំងឡាយ ដូចជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព បញ្ឈប់ការសាងសង់សំណង់នានាក្នុងទីតាំងគម្រោង ហើយជាមួយគ្នានេះ ក្រុមការងារក៏បានតម្រូវឲ្យម្ចាស់គម្រោងបុរីទាំងនោះ ត្រូវតែសុំការអនុញ្ញាតច្បាប់ពីមន្ត្រីជំនាញឲ្យបានត្រឹមត្រូវ មុននឹងដំណើរការ ធ្វើអាជីវកម្មរបស់ខ្លួន។ លើសពីនេះក្រុមការងារក៏បានណែនាំដល់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ត្រូវពង្រឹងការគ្រប់គ្រងការងារនេះ និងត្រូវណែនាំឲ្យម្ចាស់គម្រោងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមកដាក់ពាក្យស្នើសុំតាមនីតិវិធី ព្រមទាំងពន្លឿនរយៈពេលនៃការផ្តល់សេវាផងដែរ។

ក្រុមការងារចម្រុះនឹងបន្តចុះគ្រប់ទីតាំងបុរីផ្ទះល្វែងទាំងអស់ ដើម្បីធានាថា ៖
១- ម្ចាស់ទីតាំងបានសុំការអនុញ្ញាតច្បាប់អាជ្ញាធរមានសមត្ថកិច្ច
២-ប្រជាពលរដ្ឋដែលបានទិញមិនទទួលរងនូវភាពប្រថុយប្រថាននានា
៣-តម្រង់ទិសការរៀបចំហេដ្ឋារនាសម្ព័ន្ធក្នុងទីតាំងទាំងនោះអោយស្របតាមផែនការអភិវឌ្ឍន៍ និងនគរូបនីយប្បញ្ញត្តិ។ ដូចនេះរដ្ឋបាលខេត្ត សូមស្នើដល់ ម្ចាស់បុរីផ្ទះល្វែងទាំងអស់ចូលរួមសហការជាមួយក្រុមការងារចម្រុះ ដើម្បីអោយដំណើរការស្របទៅតាមនីតិវិធីជាធរមាន ជាពិសេសម្ចាស់គម្រោងដីបុរីផ្ទះល្វែងត្រូវសុំការអនុញ្ញាច្បាប់មុនដំណើរការលក់ដី។

រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុរី ឬការអភិវឌ្ឍន៍(ពុះដីឡូតិ៍) ដោយត្រូវបញ្ជាក់ថា ទីតាំងនោះមានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងប័ណ្ណសម្គាល់សិទ្ធិម្ចាស់អចលនវត្ថុជាដើម៕

 

មតិយោបល់