ព័ត៌មានជាតិ

កំណត់ត្រាថ្មីសម្រាប់កម្ពុជា៖ សត្វបង្គួយCalotes និងសត្វតុកកែBent-toed ប្រភេទថ្មីចំនួន២ ត្រូវបានរកឃើញ

កំណត់ត្រាថ្មីសម្រាប់កម្ពុជា៖ សត្វបង្គួយCalotes និងសត្វតុកកែBent-toed ប្រភេទថ្មីចំនួន២ ត្រូវបានរកឃើញនៅលើទឹកដីស្រុកបន្ទាយស្រីកាលពីពេលថ្មីៗនេះ នៅក្នុងបរិវេណភ្នំក្បាលស្ពាននៃឧទ្យានជាតិភ្នំគូលែន។
សត្វទាំងពីរប្រភេទថ្មីនេះគឺជាកំណត់ត្រាថ្មី និងលើកដំបូងបង្អស់ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ដែលបានជួបប្រទះកាលពីមុនមកនៅឡើយទេ
ហើយត្រូវបានរកឃើញនៅតាមដើមឈើ និងផ្ទាំងថ្មភក់នៅក្នុងឧទ្យានជាតិភ្នំគូលែន ដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ-ACCB(Angkor Centre for Conservation of Biodiversity) ដែលមានមូលដ្ឋានផ្ទាល់នៅក្នុងស្រុកបន្ទាយស្រីតែម្តង។ សត្វបង្គួយ Calotes ជាប្រភេទសត្វទិវាចរ(ចេញរកសុីពេលថ្ងៃ) ដែលចូលចិត្តរស់នៅលើដើមឈើក្នុងព្រៃនៃតំបន់វាលទំនាប ហើយអាចវារឡើងចុះមែកឈើបានយ៉ាងងាយ ចំណែកឯសត្វតុកកែ Bent-toed វិញស្ថិតនៅក្នុងជំពូកសត្វតុកកែដែលសម្បូរបែបជាងគេ មានម្រាមរាងកោង និងមានរហូតដល់ទៅជាង ៣០០ប្រភេទ ហើយច្រើនរស់នៅតាមតំបន់ភ្នំ និងជួរភ្នំនានានៅក្នុងទ្វីបអាសុី និងអូស្ត្រាលី។
សត្វតុកកែប្រភេទម្រាមកោង(Bent-toed)នេះមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា Cyrtodactylus ហើយត្រូវបានគេប្រសិទ្ធនាមឈ្មោះពេញថា Cyrtodactylus kulenensis ឬ“តុកកែម្រាមកោងភ្នំគូលែន” ក្នុងនោះពាក្យ Kulenensis តំណាងឱ្យភ្នំគូលែន និងកន្លែងដែលគេបានរកឃើញវាជាលើកដំបូង។ ចំណែកឯសត្វបង្គួយCalotesវិញ ត្រូវបានគេហៅឈ្មោះថា Calotes goetzi ដោយដាក់ឈ្មោះតាម Dr. Goetz ដែលជាអ្នកទ្រទ្រង់ធំជាងគេមួយរបស់ACCB។
អរគុណដល់ ACCB ដែលបានខិតខំប្រឹងប្រែងលើការងារអភិរក្សជីវៈចម្រុះ និងការងារស្រាវជ្រាវក្នុងរយៈកាលកន្លងមក ព្រមទាំងបានសហការ និងចែករំលែកពត៌មានដ៏គួរឱ្យរំភើបនេះជាមួយរដ្ឋបាលស្រុកដើម្បីបានផ្សព្វផ្សាយជាចំណេះដឹងដល់សាធារណៈជនទូទៅ និងអ្នកទេសចរ។
លើកក្រោយ ពេលមកលេងបន្ទាយស្រី កុំភ្លេចឆៀងចូលរមណីយដ្ឋានភ្នំក្បាលស្ពាន និងមកមើលឱ្យបានឃើញសត្វដ៏កម្រ និងស្រស់ស្អាតទាំងពីរប្រភេទនេះនៅACCBផង! (បើមិនខ្លាចតុកកែទេ)

មតិយោបល់