ភ្នំពេញៈ សម្រែកស្ត្រីមេម៉ាយកូន៦នាក់ក្នុងបន្ទុកគ្រួសារ ខណៈដែលប្តីជាជំហរដ៏រឹងមាំ បានលាចាកលោកព្រោះតូចចិត្តធ្លាក់ខ្លួនឈឺ ក្រោយពីលោក លីម ហុង ចេញមុខមករំលោភយកផ្ទះសម្បែងធ្វើជាកម្មសិទ្ធ។
លោកស្រី ម៉ក់ ពៅ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ មានកូនចំនួន៦នាក់ បានរៀបប្រាប់ឲ្យដឹងថា គាត់មានផ្ទះលេខ១៦៥E0 ផ្លូវ២១៥ កែងនឹងផ្លូវ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានទទឹងប្រវែងចំនួន៧ម៉ែត្រ និង បណ្តោយប្រវែងចំនួន១៤ម៉ែត្រ ។
លោកស្រីបន្តថា ដោយជីវភាពគ្រួសារគាត់បានជួលផ្ទះខាងលើទៅឲ្យឈ្មោះ សៅ សុខដែន ភេទប្រុស អាយុ៤៩ឆ្នាំ ដែលមានផ្ទះលេខ១៦A ផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងតម្លៃ៧០០ដុល្លារ និងប្រាក់កក់ចំនួន១២ សរុបចំនួន ២,៨០០ដុល្លារ ដោយមានរយៈពេលជួលចំនួន២ឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩ និង ដោយមានការទទួលដឹងឭពីមេភូមទី១០ មានឈ្មោះ អ៊ុ ស៊ីផាត និង លោក សាន វណ្ណាស៊ី ជាចៅសង្កាត់ផ្សារដេប៉ូ១ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៧ ។
លោកស្រី ម៉ក់ ពៅ បន្តទៀតថា ដោយតម្រូវការរបស់អ្នកជួលបន្ត ពីលោក សៅ សុខដែន ចង់ជួសជុលផ្ទះដោយវាយជញ្ជាំងព្រំបញ្ចូលគ្នា និង មានធ្វើកិច្ចសន្យាដឹងឭរវាងលោកស្រីជាមួយលោកស្រី សូត្រ ស្រីយ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៦៥CD ផ្លូវ២១៥ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ដោយទទួលការដឹងឭពីលោកចៅសង្កាត់ផ្សារដេប៉ូ១និងលោកមេភូមិ១០ រួមទាំងសាក្សីលោក សៅ សុខដែន ផងដែរ ។
ដោយមានភាពមិនប្រក្រតី ប្តីរបស់លោកស្រី សូត្រ ស្រីយ៉ា បានចេញមកប្រកាសថាទីតាំងផ្ទះជួលពីលោក សៅ សុខដែន ជាកម្មសិទ្ធិរបស់គាត់ឈ្មោះ លឹម ហុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ។ គាត់ជាគ្រួសាររងគ្រោះ បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយរឿងក្តីក្តាំបានបន្តនីតិវិធីរហូតដល់ទទួលបានភាពឈ្នះក្តីទៅតាមផ្លូវច្បាប់និងទទួលបាលសាលក្រមស្ថាពរទៀតផង ។
យោងតាមឯកសារបានរៀបរាប់សាច់រឿងដូចតទៅ កាលពីខែកញ្ញា ឆ្នាំ២០០៧ ឈ្មោះ សៅ សុខដែន បានជួលផ្ទះលេខ១៦៥E0 ផ្លូវ២១៥ កែងនិងផ្លូវ២០៦ ស្ថិតនៅក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ក់ ពៅ ដើម្បីប្រកបអាជីវកម្ម ដោយមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីលោក សេង រតនៈ អតីតអភិបាលខណ្ឌទួលគោក និងលោក សាន វណ្ណាស៊ី អតីតចៅសង្កាត់ផ្សារដេប៉ូ១ ។
ពេលចូលមកស្នាក់នៅភ្លាមឈ្មោះ សៅ សុខដែន បានរួមគំនិតជាមួយឈ្មោះ សូត្រ ស្រីយ៉ា វាយជញ្ជាំងព្រំផ្ទះរួមគ្នារវាងផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ និងឈ្មោះ សូត្រ ស្រីយ៉ា ប្តីឈ្មោះ លឹម ហុង ។
បន្ទាប់ពីឈ្មោះ ម៉ក់ ពៅ បានដឹងពីការវាយជញ្ជាំងរួចឈ្មោះ ម៉ក់ ពៅ បានធ្វើការតវ៉ាជាមួយឈ្មោះ សូត្រ ស្រីយ៉ា ជាប្រពន្ធរបស់ឈ្មោះ លឹមហុង និងបានធ្វើកិច្ចសន្យាចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ទទួលស្គាល់ និងសន្យាថានឹងជួសជុលជញ្ជាំងផ្ទះនោះវិញ នៅពេលដែលផុតកំណត់នៃកិច្ចសន្យាជួលផ្ទះ ឈ្មោះ សៅ សុខដែន មិនបានរើអីវ៉ាន់ចេញឬ ប្រគល់ផ្ទះទៅឲ្យឈ្មោះ ម៉ក់ ពៅ វិញទេ ហើយឈ្មោះ សូត្រ ស្រីយ៉ា ក៏មិនបានជួសជុលជញ្ជាំងផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ ដែរ ហើយឈ្មោះ ម៉ក់ ពៅ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ សៅ សុខដែន ចាកចេញពីផ្ទះជួលរបស់ខ្លួន ហើយសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមលេខ ៤១ ដ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ពេលសាលក្រមចូលជាស្ថាពរហើយឈ្មោះ ម៉ក់ ពៅ បានដាក់ពាក្យសុំអនុវត្តតាមនីតិវិធីច្បាប់លុះមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះទៅអនុវត្តសាលក្រម ដើម្បីឲ្យឈ្មោះ សៅ សុខដែន ចាកចេញពីផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ ស្រាប់តែឈ្មោះ លឹមហុង បានរំលោភកាន់កាប់លើអចលនវត្ថុរបស់ឈ្មោះ ម៉ក់ ពៅ ដោយបានចេញមកអះអាងថាផ្ទះដែលឈ្មោះ សៅ សុខដែន ជួលពីឈ្មោះ ម៉ក់ ពៅ ជាផ្ទះរបស់ខ្លួនទៅវិញ ដោយយកប្លង់ដីទីតាំងផ្សេងៗមកបង្ហាញគណៈកម្មការចម្រុះ ដើម្បីឲ្យគណៈកម្មការភណ្ឌច្រឡំទីតាំងអនុវត្ត ក្នុងគោលបំណងរំលោភយកកម្មសិទ្ធិផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ ។ មិនតែប៉ុណ្ណោះ បក្ខពួកមួយចំនួន ដែលអាជ្ញាធរសុរិយោដី ដែលគួរតែដឹងច្បាស់ពីទីតាំងផ្ទះនីមួយៗ ពិតប្រាកដ ប៉ុន្តែបែរជាឆ្លើយបដិសេធថាមិនដឹងអីទៅវិញ ដែលជាចេតនាសម គំនិតជាមួយឈ្មោះ លឹមហុង និងឈ្មោះ សូត្រ ស្រីយ៉ា ដើម្បីសម្រួលឲ្យឈ្មោះ លឹម ហុង និងឈ្មោះ សូត្រ ស្រីយ៉ា បានចូលកាន់កាប់លើអចលនវត្ថុរបស់ឈ្មោះ ម៉ក់ ពៅ ។
អំពើប្រព្រឹត្តរបស់ឈ្មោះ លឹមហុង, ឈ្មោះ សូត្រ ស្រីយ៉ា, ឈ្មោះ សៅ សុខដែន ជាបទល្មើស ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយទុច្ចរិត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៥៣នៃច្បាប់ភូមិបាល ។
អំពើប្រព្រឹត្តរបស់បក្ខពួកជាបទល្មើស សមគំនិតក្នុងការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយទុច្ចរិត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃច្បាប់ភូមិបាល ។
មកដល់បច្ចុប្បន្នគ្រួសាររងគ្រោះមិនទាន់បានផ្ទះសម្បែងវិញទេ ដោយលោកស្រីចៅក្រម ពេជ្រ ម៉ាណែត បានដឹកនាំគណៈកម្មការចម្រុះចុះមកអនុវត្តបានពាក់កណ្តាលទីក៏ផ្អាកត្រឡប់ទៅវិញ គាត់បានលើកឡើងថា ដោយសារមានអ្នកសារព័ត៌ច្រើនពេកគាត់មិនចង់ចេញតាមកញ្ចក់ទូរទស្សន៍ទេ ហើយចាំគាត់ជូនដំណឹងនាពេលក្រោយវិញ ។ ដោយសារម្ចាស់ផ្ទះរងគ្រោះជាង១០ឆ្នាំ មិនសប្បាយចិត្តជាមួយលោកស្រីចៅក្រមដែលអនុវត្តបានពាក់កណ្តាល ទើបផ្ទុះការតវ៉ាដុតកង់ម៉ូតូ បង្កការការភ្ញាក់ផ្អើលបន្តិចបន្តួច និង សំណូមពរដល់ថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តធម៌ឲ្យក្រុមគ្រួសារគាត់ផង ៕
មតិយោបល់