ព័ត៌មានជាតិ

បុរសម្នាក់បើក Lexus លឿនជ្រុលចង្កូតឆ្លងផ្លូវ បុករថយន្តបែនដឹកដីពីរគ្រឿង បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត LexusRX300 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតឆ្លងផ្លូវទៅបុករថយន្ត បែនដឹកដីពីរគ្រឿង ចតស្ងៀមនៅក្នុងដីឡូតិ៍ជាប់ផ្លូវវិមាន ឈ្នះ ឈ្នះ បណ្តាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់ មុខ ចំណែករថយន្តបែនដឹកដីពីរគ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក LexusRX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-2986 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុច កើតហេតុ ត្រង់ស្តុបទំនប់កប់ស្រូវផ្លូវវិមាន ឈ្នះ ឈ្នះ ស្រាប់តែជ្រុលចង្កូតឆ្លងផ្លូវ ទៅបុករថយន្តបែនដឹកដីពីរគ្រឿងចតនៅ ក្នុងដីឡូតិ៍ក្បែរចិញ្ចើមផ្លូវ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្កនោះវិញ រងការខូចខាត ខ្ទេចមួយកំណាត់មុខ គៀបជាប់តៃកុងក្នុងការប៊ីន ។ ភ្លាមៗនោះដែរពលរដ្ឋជួយគាស់ទ្វារយកជនរងគ្រោះ ចេញមកក្រៅ និងទំនាក់ទំនងទៅរថយន្តដឹកយកទៅសង្គ្រោះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាម​នីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់