ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ដែលកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យកង់បីក្រឡាប់ផ្ងារជើង រងការខូចខាត រៀងៗខ្លួន សំណាងល្អក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២២៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AX-8972 បើកបរដោយបុរសម្នាក់ ធ្វើដំណើពីកើតទៅលិច តាមបណ្ដោយផ្លូវ ១៨២(ទេពផន) ក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម1T-6162 បើកបរដោយបុរសម្នាក់ និងរួមដំណើរនារីម្នាក់ទៀត ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវ២២៣ ក្នុងល្បឿនលឿន មកដល់ផ្លូវបែកជាបួន ក៏បានឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវបាន រថយន្តលុចស៊ីស RX400h បុកចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតក្រពឹតខាងក្រោយ ផ្នែកខាងឆ្វេង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ ភាគីទាំងសង្ខាង បានជជែកយកតែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញឲ្យចុះមកវាស់វ៉ែង យករថយន្ត និងកង់បីទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់