កណ្តាលៈ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ភូមិឃុំដែលស្ថិតនៅក្នុងបញ្ជីគ្រប់គ្រង តាមដានរបស់នគរបាលកន្លងមកនោះ ឥឡូវនេះបានជាប់ខ្នោះរបស់សមត្ថកិច្ចហើយ ខណៈដែលជនសង្ស័យរូបនេះចូលទៅការដ្ឋានបូមខ្សាច់ ធ្វើសកម្មភាពលួចមាន់ពូជ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៧ នៅចំណុចរោងការដ្ឋានបូមខ្សាច់ភូមិឫស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនបូមខ្សាច់ ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅការដ្ឋានបូមខ្សាច់។ ចំណែកជនសង្ស័យមានឈ្មោះ
អ៊ន គឹមស្រ៊ាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានឈ្មោះ ជុំ ស្រីមុំ ភេទស្រី អាយុ២៦ឆ្នាំ និងឈ្មោះ ប៉ាវ ម៉ាឡេ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាកម្មករចុងភៅ នៅក្នុងការដ្ឋានបូមខ្សាច់ខាងលើ កំពុងអង្គុយនៅក្នុងរោងការដ្ឋាន កន្លែងកើតហេតុ
ស្រាប់តែឃើញជនសង្ស័យម្នាក់ កាន់ការ៉ុងស១ និងកណ្ដៀវ កកុក មករោងការដ្ឋាន បូមខ្សាច់រួចធ្វើសកម្មភាពលួចយកសត្វមាន់ឈ្មោលពូជ បង្កាត់មេ១ក្បាលដែលនៅក្នុងទ្រុង។ ពេលឃើញដូច្នេះ ឈ្មោះ ជុំស្រីមុំ និងឈ្មោះ ប៉ាវ ម៉ាឡេ បានស្រែកថា ចោរៗ ឮដូចនេះជនសង្ស័យបានចាប់បីមាន់ ហើយរត់គេចខ្លួនចូលក្នុងព្រៃចម្ការស្វាយ ស្របគ្នានោះដែរមានឈ្មោះ លឹម ផានិត ភេទប្រុស អាយុ៣០ឆ្នាំ និង ឈ្មោះ ជុំ សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករការដ្ឋានបូមខ្សាច់ដូចគ្នា បានរត់ដេញតាមចាប់ជនសង្ស័យចូលក្នុងចម្ការស្វាយ បានប្រហែល៤០០ម៉ែត្រ ទើបចាប់ជនសង្ស័យបានតែ បាត់មាន់ពូជមិនឃើញ ក៏នាំខ្លួនជនសង្ស័យមករោងការដ្ឋានបូមខ្សាច់ ហើយបានប្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលឲ្យជួយអន្តរាគមន៍និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ តែជនសង្ស័យឆ្លើយម្ដងយកមាន់ទុកនៅកន្លែងនេះម្ដងទុកកន្លែងនោះ មិនច្បាស់លាស់ ទើបនាំខ្លួនជនសង្ស័យមកផ្នែកជំនាស្រុក ដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់។
ហើយបើតាមការបំភ្លឺរបស់ជនរងគ្រោះម្ចាស់មាន់ពូជថា មាន់ពូជ១ក្បាលនេះទិញមកសម្រាប់បង្កាត់ពូជ ក្នុងតម្លៃ១៥០ដុល្លារ៕


មតិយោបល់