ព្រៃវែងៈ នៅវេលាម៉ោងជាង ១រសៀលថ្ងៃរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្ទះក្បឿងមួយកន្លែង ក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ឃាតករំលោភសម្លាប់កុមារីអាយុ១០ឆ្នាំ និងប្អូនប្រុសអាយុ ២ឆ្នាំកន្លះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ជនសង្ស័យឈ្មោះ មាង វិចិត្រ អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង មានប្រពន្ធឈ្មោះ សំ សូរិយា អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន)។
យោងតាមលោក សៀង យាន មេភូមិគ្រើលប្រាប់ឲ្យដឹងថា ជនសង្ស័យគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន ៣នាក់ ដែលមានឪពុកឈ្មោះ ម៉ុច មាង អាយុ ៦៥ឆ្នាំ ជាជនពិការ និងម្តាយឈ្មោះ ផី បានស្លាប់បាត់បង់ជីវិតតាំងពីជនសង្ស័យមានអាយុជាងមួយខួប ហើយកាលពីឃាតក អាយុប្រហែល ១៥ទៅ១៦ឆ្នាំ ក្នុងពេលដែលចេញទៅមើលក្របី នៅវាលស្រែចុងភូមិ ជននេះបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភកូនស្រីអ្នកភូមិ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេចដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយក៏រត់ចោលស្រុកតាំងពីពេលនោះមក។ ក្រោយមករយៈពេល ២ទៅ៣ឆ្នាំ ជនសង្ស័យលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង ១ឆ្នាំមុននះ គេលួចចូលស្រុកម្តងទៀត គេបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរ ឲ្យមកនៅជាមួយឪពុក ឯរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត ២ខែទើបមកយកប្រពន្ធទៅវិញ ដោយប្រាប់ថា ទៅរកស៊ីនៅភ្នំពេញ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះស្រាប់តែឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន វេលាម៉ោងជាង ១ថ្ងៃរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះតែម្តង។
តាមប្រភពព័ត៌មានពីលោក ស៊ិន សារ៉ាត់ មេប៉ុស្ត៍ស្តីទី ប៉ុស្ត៍រដ្ឋបាលឃុំព្រៃរំដេងបានឲ្យដឹងថា ជនសង្ស័យ និងប្រពន្ធលួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះស្អែកឡើងថ្ងៃទី៣១ សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យឲ្យទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល ២ថ្ងៃ ទើបដឹងថា ជនសង្ស័យ និងប្រពន្ធកំពុងលាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាង ដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលព័ទ្ធចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ដោយការសហការចូលរួម ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងព្រហ្មទណ្ឌស្នងការនគរបាលខេត្តព្រៃវែង បច្ចុប្បន្នជនដៃដល់ ត្រូវសមត្ថកិច្ចព្រៃវែងប្រគល់ជូនទៅសមត្ថកិច្ចខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់