ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បើកលុចស៊ីសមួយគ្រឿងបុករះរថយន្តនិងកង់បីឥណ្ឌាជាច្រើនគ្រឿងពេលឆេកឃើញសារធាតុញៀនបែរជាមិនឲ្យអ្នកការសែតថតយករូបភាព ឬ មកពី…

ភ្នំពេញៈ ជនជាតិចិនម្នាក់បើករថយន្តលុចស៊ីសRX350 មួយគ្រឿងបុករះរថយន្តនិងកង់បីឥណ្ឌាក្រឡាប់ជាច្រើនគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់លុះចាប់បានក៏ធ្វើការដកហូតកាបូបស្ពាយសង្ស័យថាមានផ្ទុកគ្រឿងញៀនរាប់គីឡូនៅខាងក្នុងផងដែរទើបសម្ថកិច្ចប្រញាប់ប្រញាល់នាំទៅកាន់អធិការនគរបាលខណ្ឌដូនពេញដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹងនិងមិនអនុញ្ញាតឲ្យអ្នកការសែតចូលទៅជិតបានឡើយ។

ហេតុការខាងលើបង្កការភ្ញាក់ផ្ងើលកាលពីវេលាម៉ោង១និង៣៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តមកែងផ្លូវលេខ១៥៤(ចំណុចស្តុបរោងកុនលុច្ស)ក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញកង់បីឥណ្ឌាពណ៌ក្រហមពាក់ស្លាកលេខ ព្រៃវែង 1M-1574 បើកបរដោយបុរសម្នាក់និងមានឌុបស្ត្រីជាភ្ញៀវម្នាក់ខាងក្រោយផងដែរ។

ដោយធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបានឈប់រង់ចាំស្តុបខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX-350ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរដោយបុរសជនបរទេសម្នាក់ដែលគេសង្ស័យថាជាជនជាតិចិនបានបោះពួយក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹងអូសក្រឡាប់បណ្តាលឲ្យបុរសជាអ្នកបើកបររងរបួសធ្ងន់។

តាមប្រភពដដែលបានប្រាប់បន្តទៀតថាក្រោយពេលកើតហេតុបុរសជាជាតិចិនម្នាក់ខាងលើបើករថយន្តស៊េរីទំនើបម៉ាកលុចស៊ីសRX-350បុកកង់បីឥណ្ឌាមួយគ្រឿងក្រឡាប់និងមានមនុស្សម្នាក់រងរបួសរួចហើយរូបគេមិនបានឈប់ទេនិងបានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាងផ្លូវលេខ១៣៦ទើបត្រូវបានកម្លាំងនគរបាលចរាចរដែលឈរនៅគោលដៅក្បែរនោះនិងប្រជាពលរដ្ឋនាំគ្នាដេញឃាត់បាននិងបានបញ្ចេញកំហឹងវាយម្នាក់មួយដៃមួយជើងបែកមាត់ហូរឈាមផងដែរ។

ពេលដែលសមត្ថកិច្ចបាននាំខ្លួនជនបង្កដែលជាជនជាតិចិនបើករថយន្តខាងលើតែពាក់ស្លាកលេខក្លែងក្លាយនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងបានឆែកឆេរឃើញគ្រឿងញៀនជាច្រើនគីឡូក្រាមនៅខាងក្នុង។

បន្ទាប់ពីឃើញគ្រឿងញៀនជាច្រើនគីឡូនៅក្នុងកាបូបស្ពាយមួយដែលជារបស់បុរសជនជាតិចិនម្នាក់ខាងលើភ្លាមៗនោះលោកទៀងចាន់សារអធិការខណ្ឌដូនពេញបានដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹងនិងហាមអ្នកកាសែតចូលជិតមិនឲ្យថតនិងបណ្តេញអ្នកព័ត៌មានចេញមកឈចាំក្រៅរបងដោយហាក់បីដូចជាមានលាក់លៀមយ៉ាងខ្លាំង។

ពាក់ព័ន្ធទៅនឹងករណីនេះដែរគឺបុរសជនជាតិចិនម្នាក់ខាងលើនេះដែរបានបើករថយន្តស៊េរីទំនើបមួយគ្រឿងខាងលើនេះគឺជារថយន្តដែលពាក់ស្លាកលេខក្លែងក្លាយផងដែរ។ដោយបានបុករះរថយន្តរបស់គេចំនួន២ទៅ៣គ្រឿងរួចមកហើយទើបបានបើករត់មកបុកកង់បីឥណ្ឌាមួយទៀតដែលកំពុងឈប់ស្តុបបណ្តាលឲ្យក្រឡាប់និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់៕

 

មតិយោបល់