ព័ត៌មានជាតិ

ចោរជើងខ្លាំងចូលលួចទ្រព្យសម្បត្តិគេទាំងថ្ងៃចែស ត្រូវអស់លក្ខណ៍…

សៀមរាប: សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចូលលួច យកទ្រព្យសម្បត្តិអ្នកដទៃ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ គង់ បញ្ញា ហៅ (ញ៉ា) ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅជួលបន្ទប់ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ សូ វឿន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នៅវេលាម៉ោងថ្ងៃកើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាពចូលលួចយកក្បាលម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង គូទក្រោយម៉ាស៊ីនត្រជាក់ ០២គ្រឿង កង្ហារពាក់ជញ្ជាំងម៉ាកហាតារិ (Hatari) ០២គ្រឿង និងគម្របកង្ហារម៉ាកហាតារិ(Hatari) ចំនួន ១៥គម្រប យកទៅលក់បានលុយចំនួន ១០ ម៉ឺនរៀល។
ខណ:កំពុងធ្វើសកម្មភាពនោះ ត្រូវបានប្រជាការពារឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង។

សូមបញ្ជាក់៖ សម្រាប់វត្ថុតាង ដែលត្រូវជនសង្ស័យលួចយកទៅនោះ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកឃើញ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយជនសង្ស័យ បានលួចយកមកទុកនៅឯផ្ទះ ស្ថិតនៅក្រោយសាលារៀនបន្ទាយចាស់ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បន្ទាប់មកសមត្ថកិច្ច ក៏បានប្រគល់មកឲ្យជនរងគ្រោះវិញ៕

មតិយោបល់