កណ្ដាលៈ កាលពីវេលាម៉ោង ០១ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីខ្យល់គរស្លាប់ ស្ថិតក្នុងភូមិ ព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សឿន សល់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ កាបាស់ ឃុំឈើតុំ ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ។
ដំណើររឿងហេតុ៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ទន មុំ ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្រពន្ធបានឲ្យថា នៅមុនពេលកើតហេតុ ខ្លួន និងប្តី ជាកម្មករសំណង់ បាននាំគ្នាដេកនៅលើឥដ្ឋការ៉ូ ក្នុងមន្ទីរបក្សឃុំកំពង់អុស រហូតដល់វេលាម៉ោងកើតហេតុខាងលើ ឃើញប្តីរបស់ខ្លួន ងើបពីសម្រាកដើម្បីហូបទឹកហើយក៏ចូលទៅដេកវិញ លុះពេលជនរងគ្រោះចូលដេកវិញ បានមួយសន្ទុះ ប្រពន្ធបានឃើញជនរងគ្រោះជាប្ដីដែលកំពុងដេក មិនមានចលនាដៃជើងរួចហើយ បានយកដៃទៅស្ទាប់ជនរងគ្រោះ ស្រាប់តែឃើញ ជនរងគ្រោះ ដេកស្លាប់ ភ្លាមនោះដែរប្រពន្ធ របស់ជនរងគ្រោះ បានរាយការណ៍ ជូនមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់អុស ។
បន្ទាប់ពីទទួលបានព័ត៌មានរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញ ដោយមានការចូលរួមពី លោកមេភូមិ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និងសាច់ញ្ញាតិរបស់ជនរងគ្រោះ បានដំណើរការពិនិត្យសាកសព។
ក្រោយត្រួតពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់