ព័ត៌មានជាតិ

(មានវីដេអូ) លួចរឺម៉កម៉ូតូកង់បីបានហើយ ជិះដើរលក់ ព្រះមិនជួយក៏ជួបម្ចាស់ ក្របួចជាប់ឱ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចយករឺម៉កម៉ូតូកង់បីបានសម្រេច ហើយជិះដើររកកន្លែងលក់ ព្រះមិនជួយក៏បានជួបម្ចាស់ម៉ូតូ ស្រែកចោរៗ រួចចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៤នឹង ៣០នាទីរសៀល ថ្ងៃទី១៣ ខែកកដ្កា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះលក់តុទូដែក ផ្លូវលេខ៦៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យជាចោរលួចរ៉ឺម៉កនោះមានឈ្មោះ ឡោះ សាគីរិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកឯម្ចាស់រឺម៉កម៉ូតូកង់បីមានឈ្មោះ អោក សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅក្នុងបុរី រីវើថោនទន្លេសាប ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែកកដ្កា ជនរងគ្រោះបានត្រឡប់មកពីរត់ម៉ូតូកង់បីវិញ ក៏បានទុកម៉ូតូកង់បីនៅមុខផ្ទះជួល ដែលស្ថិតនៅក្នុងបុរី រីវើថោន ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ហើយក៏ចូលទៅសម្រាករហូតដល់ម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១៣ស្អែក រូបគាត់ក៏ក្រោកពីដេកបានចេញពីក្នុងបន្ទប់ ស្រាប់តែបានបាត់ម៉ូតូកង់បី ទើបរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពបានបន្តទៀតថា ក្រោយពីដាក់បណ្តឹងរួចហើយ ជនរងគ្រោះបានខ្ចីម៉ូតូមិត្តភក្ត្រ័ជិះដើររកតាំងពីព្រឹករហូតល្ងាច ខណៈពេលដែលកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦មកដល់ចំណុចម្តុំមុខភូមិព្រែកលៀប សង្កាត់ព្រែកលៀប ស្រាប់តែបានប្រទះឃើញជនសង្ស័យជិះម៉ូតូកង់បីរបស់ខ្លួនបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងចូលមកភ្នំពេញវិញ ពេលឃើញបែបនេះ ម្ចាស់រឺម៉កម៉ូតូកង់បី ក៏បានជិះតាមពីក្រោយ ហើយក៏បានស្រែកថាចោរៗ ពេលនោះ បានជួបនឹងកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ កំពុងតែជិះល្បាតតាមផ្លូវបានជួយដេញតាមពីក្រោយ រហូតចាប់បាននៅចំណុចខាងលើ រួចបានយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

//youtu.be/mviR_c4d9Rk
//youtu.be/h_SShEFkMR4
//youtu.be/26oqyjyU05g

មតិយោបល់