ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ បានដឹកនាំកម្លាំងចម្រុះ មានទាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តចុះដាក់គោលដៅ ត្រួតពិនិត្យ រុករកអាវុធជាតិផ្ទុះ ក៏ដូចជាបទល្មើសផ្សេងៗ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនសន្តិសុខសង្គមជាតិ ដោយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់បានជនសង្ស័យ ៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខក្លោងទ្វារចូលវត្តសំបួរមាស តាមបណ្តោយផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចម្រុះ រួមមាន នគរបាលខណ្ឌ អាវុធហត្ថមូលដ្ឋានខណ្ឌ មន្ត្រីសាលាខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តចុះដាក់គោលដៅ ត្រួតពិនិត្យ រុករកអាវុធជាតិផ្ទុះ ក៏ដូចជាការពង្រឹងច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើង ដើម្បីចូលរួមការទប់ស្កាត់រាល់បទល្មើស បង្កើនបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ការដាក់គោលដៅឆែកអាវុធជាតិផ្ទុះរបស់អាជ្ញាធរខណ្ឌដង្កោនេះ គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាទីបំផុត មិនធ្វេសប្រហែសឡើយ ក្នុងរយៈពេល ១ម៉ោង គឺចាប់ផ្តើមពីវេលាម៉ោង ០៧យប់ រហូតដល់វេលាម៉ោង ០៨យប់ ទើបត្រូវបានបញ្ចប់ ។ នៅក្នុងអំឡុងពេលត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដូចជាបទល្មើសផ្សេងៗ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជានេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ទី១ ឈ្មោះ ធុន ប៊ុនធឿន ហៅ ឆាង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ បុរី ពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌខណ្ឌដង្កោ ទី២ ឈ្មោះ អែម ផល្លា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣ឈ្មោះ សែម ចក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ទាំង២នាក់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ផ្សារដើមរការ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា តូច ធំ សរុប ចំនួន ២កញ្ចប់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈ្មោះ ធុន ប៊ុនធឿន គឺរូបគេបានជិះម៉ូតូ ១គ្រឿង ម៉ាក សេ១០០ ចិន ពណ៌ខ្មៅ គ្មានស្លាកលេខ តែម្នាក់ឯង បើកបរឆ្លងកាត់ចំណុចត្រួតពិនិត្យតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យ ឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌ថ្លា ចំនួន ១កញ្ចប់ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ លុះដល់វេលាម៉ោង០៧ និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល ស្រាប់តែ ឈ្មោះ អែម ផល្លា និង ឈ្មោះ សែម ចក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4676 ឌុបគ្នាធ្វើដំណើរឆ្លងកាត់ចំណុចត្រួតពិនិត្យតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ហើយដោយមានការសង្ស័យផងដែរ សមត្ថកិច្ចក៏បានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យ ឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ធំបន្ថែមទៀត ទើបឃាត់ខ្លួនពួកគេ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តឲ្យដឹងថា ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង ៣នាក់ ពួកគេឆ្លើយសារភាពប្រាប់ថា ថ្នាំញៀន តូច ធំ ចំនួន ២កញ្ចប់នេះ គឺពួកគេបានទិញពីគេនៅម្តុំក្បែរស្ពានដែក ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សម្រាប់ប្រើប្រាស់ ដោយថ្នាំញៀនកញ្ចប់តូច តម្លៃ ១៥.០០០រៀល និងថ្នាំញៀនកញ្ចប់ធំ តម្លៃ ២០ម៉ឺនរៀល ។ ពេលទិញថ្នាំញៀនរួចបានហើយ ពួកគេជិះម៉ូតូ ឆ្លងកាត់ចំណុចត្រួតពិនិត្យរបស់សមត្ថកិច្ចត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ក៏ឃាត់ពួកគេទាំង០៣នាក់ តែម្តង ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕
https://youtu.be/Rpp92aXoFP8
https://youtu.be/mInjW1-Hzd8
https://youtu.be/ty0y30gygx4
https://youtu.be/8Enkz6dJFyw
https://youtu.be/xxuIb56isCk
មតិយោបល់