ភ្នំពេញៈ តាំងពីដើមឆ្នាំ២០១៦មក តារាសម្ដែងលោក អ៊ុក សុភ័ក្ររិទ្ធ ត្រូវគេដឹងថាផ្ទុះរឿងមនុស្សភេទទី៣អន្ទងស្នេហ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានការចុះនៅលើសារព័ត៌មានក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ផ្ទុយពីក្ដីបារម្ភរឿងប៉ះពាល់ដល់ប្រជាប្រិយភាព លោកកាន់តែលេចធ្លោ និងមានអ្នកស្គាល់ច្រើនយ៉ាងឡើង ក្នុងពេលដែលខ្សែរឿងជាច្រើនរបស់លោក កំពុងដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងខ្លះត្រៀមចាក់ផ្សាយនៅតាមរោងកុនទន្ទឹមគ្នា។
បើទោះជាពេលកន្លងមកគេឃើញលោក អ៊ុក សុភ័ក្ររិទ្ធ មានឱកាសឡើងច្រៀងលើឆាកទូរទស្សន៍ក្នុងនាមជាតារាកិត្តិយសក៏ដោយ ក៏អតីត Freshie Boy ចំណាត់ថ្នាក់លេខ៥ប្រចាំឆ្នាំ២០១១រូបនេះ នៅតែមានមហិច្ឆតាចង់ក្លាយជាអ្នកចម្រៀងអាជីពឲ្យបានច្បាស់លាស់នៅថ្ងៃណាមួយថែមទៀត។ លោកថាអាជីពចម្រៀងគឺលោកចូលចិត្តច្រើនអាជីពសម្ដែងនោះផង ប៉ុន្តែមកពីលោកទទួលបានឱកាសបានក្លាយជាអ្នកសម្ដែងកុនជាមុន ទើបធ្វើឲ្យក្ដីសុបិន្តចង់ក្លាយជាអ្នកចម្រៀងសឹងនឹងត្រូវធីបចោល។ លោកនិយាយថា«ក្ដីសុបិន្តរបស់ខ្ញុំគឺចង់ក្លាយជាអ្នកចម្រៀងខ្លាំងបំផុត ហើយខ្ញុំមិនដែលបោះបង់អាជីពនេះទេ ហើយនៅថ្ងៃណាមួយខ្ញុំជឿថាខ្ញុំនឹងមានឱកាស!»។ លោកថាខ្លួនមានចំណូលចិត្តបកស្រាយបទចម្រៀងបានគ្រប់ប្រភេទបទមិនថាបទញាក់ បទយុវវ័យ និងបទចម្រៀងពីជំនាន់ដើម ហើយបើយោងតាមអ្វីដែលលោកធ្លាប់បង្ហាញទឹកដមសំឡេងនៅលើកញ្ចក់ទូរទស្សន៍ក៏ទទួលបានសរសើរថាមានសំឡេងមិនចាញ់អ្នកចម្រៀងនោះដែរ។
ការរំលេចជំហរចង់ក្លាយជាអ្នកចម្រៀងអាជីពនេះ គឺបានកើតឡើងបន្ទាប់លោកត្រូវគេដឹងថាបានផ្ទុះរឿងមានមនុស្សប្រុសស្រឡាញ់ប្រុសអូសទាញដោយទឹកប្រាក់ និងសម្ភារៈនិយមដែលលោកប្រកាសជាហូរហែរថាមិនអាចទទួលយក។ លោកបានប្រកាសជាថ្មីម្ដងទៀតថា មិនត្រូវការជំនួយពីមនុស្សតាមស្រឡាញ់ ឬមិនត្រូវការការចិញ្ចឹមពីមនុស្សភេទទី៣នោះទេ បើទោះជាលោកនៅតែយល់ឃើញថាអ្វីដែលមនុស្សប្រុសទាំងនោះព្យាយាមអន្ទងឲ្យលោកបាក់ចិត្ត គឺជារឿងធម្មជាតិ ដែលមិនគួរប្រកាន់ខឹង។ ជាមួយនឹងការប្រកែកស្នេហ៍បុរសស្រឡាញ់បុរស តារាកូនពៅក្នុងចំណោមបងប្អូន៣នាក់រូបនេះ នៅតែប្រកាន់ជំហរមិនដើរផ្លូវកាត់ដើម្បីតំណែងតួឯក ឬឱកាសការងារសិល្បៈនោះឡើយ។ លោកថាជាង១០រឿងដែលលោកបានសម្ដែងកន្លងមកគឺទទួលបានដោយការសំឡឹងឃើញរបស់ផលិតករដែលពេញចិត្តនឹងការសម្ដែងរបស់លោកទាំងអស់ ហើយប្រសិនបើលោកចេះដើរផ្លូវវៀងគឺប្រហែលជាបានក្លាយជាតារាដែលឡើងកូដខ្លាំងយូរយារណាស់មកហើយ ដោយសារតែមានអ្នកមានឥទ្ធិពលមិនតិចនាក់ ធានាឲ្យលោកល្បីខ្លាំងបើលោកប្រថុយធ្វើសង្សាររបស់គេ។
យ៉ាងណាក៏ដោយលោកថាទីផ្សារសម្ដែងរបស់លោកចាប់ពីឆ្នាំ២០១៦ មានការស្ទុះខ្លាំង ជាពិសេសគឺឱកាសសម្ដែងក្នុងរឿង«បណ្ដឹងស្រីទាំង៥»របស់អ្នកស្រីពាន់ ភួងបុប្ផា រឿង«កំណត់ហេតុនាងនាថ» និងរឿងធំៗជាច្រើនទៀត ដែលខ្លះបានដំណើរការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងខ្លះត្រៀមចាក់ផ្សាយទាំងរោងកុន និងតាមទូរទស្សន៍។ ក្នុងនោះការងារថតស្ពត ថតខារ៉ាអូខេ និងឡើងច្រៀងលើឆាកទូរទស្សន៍ក៏ត្រូវគេឃើញទទួលផ្លែផ្កាខុសប្លែកពីមុនផងដែរ។ អ៊ីចឹងហើយទើបលោកមានបំណងចង់ក្លាយជាអ្នកចម្រៀងអាជីពមួយទៀត ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូល។ យ៉ាងណាមិញ លោកអ៊ុក សុភ័ក្ររិទ្ធ មិនចង់ឈានដល់ឱកាសចេញឌីសដូចអ្នកចម្រៀងអាជីពនោះទេ គឺគ្រាន់តែចង់ឲ្យមានការអញ្ជើញឡើងច្រៀងលើឆាកទូរទស្សន៍ និងមានឱកាសឡើងច្រៀងនៅក្នុងព្រឹត្តិការណ៍តន្ត្រីខេត្តក្រុងឲ្យបានញឹកញាប់ប៉ុណ្ណោះ។ លោករំពឹងច្រើនថាក្ដីស្រម៉ៃនឹងបានកើតឡើង ជាពិសេសបន្ទាប់ពីលោកក៏បានលេចធ្លោក្នុងការសម្ដែងច្រើនជាងមុន ព្រមជាមួយនឹងព័ត៌មានពាក់ព័ន្ធមនុស្សភេទទី៣ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះស្ទុះឡើងនាពេលនេះ៕
មតិយោបល់