ព័ត៌មានជាតិ

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បង្ក្រាប​អាជីវកម្ម​ជីក​យក​ដីក្រហម​ គ្មាន​ច្បាប់​អនុញ្ញាត​ ពី​ស្ថាប័ន​ជំនាញ​

​សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក​ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ និង​កម្លាំង​ចម្រុះ​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន​ បង្ក្រាប​ទីតាំង​ការដ្ឋាន​កាយ​យក​ដីក្រហម​០១​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ ស្ថិត​នៅ​ចំណុច​អន្លង់​ត្រាង​ ភូមិ​ស្វាយស​ ឃុំ​ស្វាយស​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​ធ្វើ​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ទីតាំង​ដូច​ជា​៖
១.​ ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ការដ្ឋាន​ជា​បណ្តោះអាសន្ន​ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ ដោយ​អនុលោម​ទៅ​តាម​ ច្បាប់​ស្តី​ពី​ ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ ធនធាន​រ៉ែ​ ព្រមទាំង​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ ​ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​។​
២.​ ធ្វើ​កំណត់ហេតុ​ចាប់​យក​វត្ថុ​តាង៖​
​ -​ រថយន្ត​កង់​ដប់​ ម៉ាក​ HINO​ ០១​គ្រឿង​ ។​
​ -​ រថយន្ត​កង់​ដប់​ពីរ​ ម៉ាក​ HYUNDAI​ ០២​គ្រឿង​ ។​
​ -​ អេ​ស្កា​វ៉ា​ទ័​រ​ ម៉ាក​ KOMAT’SU​ ០១​គ្រឿង​។​
៣.​នាំ​ខ្លួន​កម្មករ​បើក​គ្រឿងចក្រ​ និង​អ្នកធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ ០៥​នាក់​ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន​។​

ក្រោយ​ពេល​សួរនាំ​រួច​ បច្ចុប្បន្ន​កម្មករ​ទាំង​ ០៥​នាក់​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ ហើយ​បានអោយ​ត្រលប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​។​ រីឯ​វត្ថុ​តាង​រថយន្ត​០៣​គ្រឿង​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន​ ចំពោះ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ ០១​គ្រឿង​ បាន​រក្សា​ទុក​នៅ​ទីតាំង​ការដ្ឋាន​ ៕

មតិយោបល់