ផ្ទះ ព័ត៌មានជាតិ ក្រឡេកឃើញប៉ូល...

ក្រឡេកឃើញប៉ូលិស បំបោលម៉ូតូរត់ កម្លាំងដេញព័ទ្ធចាប់បានម្នាក់

0

ភ្នំពេញ: យុវជន២នាក់ មិនដឹងថា មានជាប់ពាក់ព័ន្ធអ្វីទេ គ្រាន់តែក្រឡេកឃើញប៉ូលិស បែរជាព្យាយាមបំបោលម៉ូតូរត់គេចទៅវិញ តែត្រូវកម្លាំងល្បាតប្រដេញតាមស្ទាក់ ចាប់ឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅខាងក្រោយបុរីអាកាសចរណ៍ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ សំណាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ កន្លងមកធ្លាប់សមត្ថកិច្ច ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនម្តងមកហើយ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស ។

តាមសម្តីសារភាពយុវជនខាងលើ បានឲ្យដឹងថា ខ្លួបធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ចំណែកយុវជនម្នាក់ទៀត រត់គេចទៅបាត់ គ្រាន់តែស្គាល់ឈ្មោះ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនឃាត់ខ្លួនបានជនខាងលើ ខណ:ដែលកម្លាំងល្បាត របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍រដ្ឋបាល ល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ សកម្មភាពឆក់ តាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ គ្រាន់តែក្រឡេកឃើញប៉ូលិស ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើករត់គេច ចូលក្នុងបុរីញ៉ូថោន ហើយបានចេញមកវិញ បើករត់តាមផ្លូវសហព័ន្ធរុស្សីពីលិចទៅកើត កាន់តែសង្ស័យ កម្លាំងប៉ូលិសប្រដេញតាម លុះដល់មុខព្រលានយន្តហោះពោធិចិនតុង ជនសង្ស័យ បើកចូលក្នុងបុរីអាកាសចរណ៍ ផ្តួលម៉ូតូ ចែកផ្លូវគ្នារត់ ម្នាក់រត់ទៅលិច ម្នាក់ឈ្មោះ សំណាង ពន្លឺ រត់ផ្លោះរបងទៅកើត ត្បុលសំងំក្នុងព្រៃ ត្រូវបានបន្ថែមកម្លាំង រុករក ទើបប្រះឃើញជនសង្ស័យម្នាក់ សំងំពួនក្នុងព្រៃស្មៅ ចាប់ឃាត់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀត រត់គេចទៅបាត់ ។

ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យ ត្រូវបាននាំទៅសាកសួរននៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.