ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ឥទ្បូវដូរមកចូលគុកព្រៃសម្ដង

ភ្នំពេញ: នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យខាងលើ ឈ្មោះ កន ផានិត ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបាន បន្ទាប់ពីរូបគេ និងបក្ខពួក ០២នាក់ ឈ្មោះ ពេជ្រ និងឈ្មោះ សី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនយកមកសួរនាំ នៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពឲ្យដឹងថា ខណ:ពេលដែលរូបគេ កំពុងអង្គុយលេងនៅមុខផ្ទះសំណាក់ វីអិម នៅផ្លូវ២០០៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែ ឈ្មោះ ពេជ្រ និងឈ្មោះ សី បានមកបបួលរូបគេជិះម៉ូតូដើរលេង។ បន្ទាប់មកពួកគេបាន ជិះម៉ូតូទៅអង្គុយផឹកស៊ី នៅមុខណាហ្កាវើល ហើយបានបបួលគ្នាទៅក្លឹប ហ្ស៊ូក ទៀត ពេលជិះទៅដល់ក្លឹប រូបគេបានចុះពីលើម៉ូតូ ទៅកន្លែងលក់បារីមុខក្លឹប ចំណែកបក្ខពួកគេ ០២នាក់ ទៀតបានជិះម៉ូតូចេញ ដើម្បីធ្វើសកម្មភាពឆក់ លុះមួយសន្ទុះក្រោយមកបក្ខពួករបស់គេ បានត្រឡប់មកវិញ ហើយបោះកាបូបស្ពាយ និងទូរស័ព្ទ ០២គ្រឿង ម៉ាក Iphone6 Plus តែជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានជិះម៉ូតូតាមពីក្រោយបក្ខពួកគេទាំង ០២នាក់ ជួបកម្លាំងអាវុធហត្ថកំពុងល្បាត បានប្រាប់ហេតុការណ៍ ភ្លាមនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួន រូបគេតែម្តង ចំណែកបក្ខពួក ០២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់ បានជិះម៉ូតូរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ រយ:ពេល ០២ឆ្នាំ ០៧ខែ ពីបទទទួលផលចោរកម្ម ហើយរូបគេបានប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ផងដែរ៕

មតិយោបល់