ព័ត៌មានជាតិ

អបអរសាទរ !ពិធីរុក្ខទិវា ០៩ កក្កដាឆ្នាំ ១៩៥២-៩ កក្កដា ឆ្នាំ២០២១!!

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ។

ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។

ក្រោមព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាំងពីទសវត្សរ៍ទី៣០ ដោយមានការចូលរួមយ៉ាងរស់រវើកពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ហើយទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយដែលកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ជីវៈចម្រុះគ្រប់ប្រភេទ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ “ពិធីរុក្ខទិវា” បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ទូទាំងប្រទេស សរុបចំនួន២៦លើក នៅលើផ្ទៃដីទំហំ៤៧០ហិកតា៦៥។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតជាសកល និងក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ “រុក្ខទិវា” នេះ ចាប់ពីឆ្នាំ២០២០ មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសកលនេះនៅក្នុងសហគមន៍៕

មតិយោបល់