ព័ត៌មានជាតិ

អធិការនគរបាលស្រុកស្អាង ត្រូវបានផ្លាស់ប្ដូរតំណែងហើយ

កណ្ដាល: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ដកណ្ដាលក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការនគរបាលស្រុកស្អាង ។ ពិធីនេះដែរ ក៏មានវត្ដមានចូលរួមពីលោកស្នងការរង ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១០ ,មន្រ្ដីរាជការជុំវិញស្រុក ,លោកអធិការរងស្រុកស្អាង ,លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្ដីនគរបាលជាច្រើនរូបទៀត ។

បន្ទាប់ពីស្ដាប់ លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្រ្ដីនគរបាលជាតិរួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ដកណ្ដាល បានប្រគល់ត្រាជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែកដែលត្រូវតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង​ ខណ:ដែលលោកវរសេនីយ៍ឯក សេង​ សុជាតិ​ ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅអគ្គធិការដ្ឋាន ក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ឯក រស់ ចន្ថា បានឡើងសន្យាថា នឹងខិតខំដឹកនាំកងកម្លាំង រក្សា ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងដែនរដ្ឋបាលឲ្យបានល្អប្រសើរឡើង ។
លោក ញឹម វណ្ណឌិន អភិបាល នៃគណ:អភិបាលស្រុកស្អាងបាន មានមតិផ្ដាំផ្ញើរដល់លោកអធិការយ៉ាងដូច្នេះថា ស្រុកស្អាង ជាស្រុកមួយដែលមានចំនួនប្រជាពលរដ្ឋច្រើន ដូច្នេះ លោកអធិការត្រូវខិតខំដឹកនាំកងកម្លាំងនគរបាល បម្រើសេវាសាធារណ: ឲ្យបានល្អប្រសើរ ធ្វើឲ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ដ មិនមានភ័យខ្លាច ។

លោកឧត្ដម សេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ដកណ្ដាល បានធ្វើការផ្ដាំផ្ញើរលោកអធិការថ្មី ត្រូវខិតខំដឹកនាំកងកម្លាំង រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ទប់ស្កាត់ កុំឲ្យមានល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ព្រោះល្បែងនេះ វាធ្វើឲ្យកើតមានបទល្មើសផ្សេងៗទៀត៕

មតិយោបល់