ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន!! ប្រហុក ប្រហិត ស្លឹកជី កន្ធំថេត ត្រូវសមត្ថកិច្ចរកឃើញភាពមិនប្រក្រតី ក្នុងផ្សារតាខ្មៅ

កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖
-នំបញ្ចុក
-ប្រហុក
-កន្ធំថេត
-ស្ពៃក្តោប ជី ត្រសក់
-សណ្តែកគួរ ស្លឹកគ្រៃ ភ្លៅកង្កែប
-ត្រប់វែង ត្រយូងចេក ផ្កាស្នោរ
-មើមខ្ទឹម ម្ទេស ព្រលឹត គ្រឿងសមុទ្រ
-ត្រីងៀត សាច់ក្រក ណែម ប្រហិត គុយទាវ និងបាញ់កាញ់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតី មួយចំនួនដូចជា៖
– ប្រហុក មានសារធាតុគីមីហាមឃាត់ Formalin
– កន្ធំថេត និងជី មានសល់សំណល់ថ្នាំកសិកម្ម
-ប្រហិតហួសរយៈពេលប្រើប្រាស់ចំនួន ១៣,៥០ គីឡូក្រាម បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់