ព័ត៌មានជាតិ

ជនសង្ស័យញៀនថ្នាំម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ នៅមុខសិប្បកម្មឡឥដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅមុខសិប្បកម្មឡឥដ្ឋ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៩និង១៣នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះយី សំណាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៩២ស្ទួន ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ខុម សត្យា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១BQ-៨៧០៨ នៅចំណុចកើតហេតុ រួចចូលទៅបេះស្លឹកគន្ធុំថេត ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះខុម សត្យា និងឈ្មោះ ខុម ចាន់ណេង ជិះម៉ូតូ០១គ្រឿង ម៉ាកយ៉ាម៉ាហាអ៊ិចសងទ័រ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GB-២៩៣១ មកឈប់ក្បែរ រួចជនសង្ស័យឈ្មោះ ខុម ចាន់ហេង ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះ ឆែកកាមេរ៉ាសុវត្តិភាពប្រជាពលរដ្ឋក្បែរនោះ ឃើញជនសង្ស័យទាំង០២នាក់ ខាងលើលួចម៉ូតូ ក៏មករាយការណ៍ប្រាប់សមត្ថកិច្ច។ លុះដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ម៉ោង០៩និង៣០នាទី សមត្ថកិច្ចរកឃើញជនសង្ស័យឈ្មោះ ខុម សត្យា ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១CY-០៦៤២ នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួន រួចត្រួតពិនិត្យសាលាឆទាន ដែលជនសង្ស័យស្នាក់នៅបណ្តោះអាសន្ន រកឃើញម៉ូតូម៉ាក Honda Zomer-X ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១CR-២៣៧៤, កាងម៉ូតូ២គូ, ចង្អើម៉ូតូ០១, កូនកន្រ្តៃ០១, ម៉ូទ័រឆាប០១,ម៉ាល្វេន ម៉ូតូ០២, ដែកទួរណឺវីស០២, ដង្កាប់០១, កូនសោ០៨ ,មួកសុវត្ថិភាពពណ៌ស១ និងអាវក្រៅពណ៌ឈាមជ្រូក១ (ជនសង្ស័យពាក់ធ្វើសកម្មភាព) រួចក៏បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

សូមបញ្ជាក់៖ ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់