ព័ត៌មានជាតិ

រថយន្តម៉ាស្តា ស្លាកលេខរដ្ឋ 28 2-5382 បើកឆ្លងផ្លូវបុកម៉ូតូអាយខន បណ្ដាលឲ្យយុវជនម្នាក់រងរបួស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានរថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាស្តា ពាក់ស្លាកលេខរដ្ឋ បើកឆ្លងផ្លូវទៅបុកម៉ូតូច្រាសទិស កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី មុខក្រុមហ៊ុនម៉ាស្តា ភូមិប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ28 2-5382 បើកបរលើផ្លូវសហព័ន្ធក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅជើង ជ្រុលទៅបុកម៉ូតូ ម៉ាកអាយខន ពណ៌ស ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BV-7350 បើកបរដោយយុវជនម្នាក់ បើកពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗ រថយន្តបើកបន្តចូលទៅចតទុកនៅចំណត រថយន្តរបស់ក្រុមហ៊ុនម៉ាស្តា អ្នកបើកបរ មិនឃើញ មិនស្គាល់ នៅកន្លែងនោះឡើយ ។ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

តាមមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ករណីខាងលើវត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់