ព័ត៌មានជាតិ

ទឹកដោះគោជូរ ទឹកដោះគោអាហារបំប៉ន ទឹកដោះគោខាប់ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងមានការចូលរួមពីប្រធានផ្សារ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ជាពិសេសផ្តោតទៅលើនំបញ្ចុក ដោយនឹងចូលរួមព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងនោះនំបញ្ចុកដែលដាក់លក់នៅផ្សារសិរីសោភ័ណចំនួន៥ម្ចាស់ បាញ់កាញ់ គុយទាវ សំបករុំគួង ក្រោយពីធ្វើតេស្តរួចមកគឺ រកមិនឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ។ ចំណែកឯការចុះត្រួតពិនិត្យនៅផ្សារ ហ៊ុយ ឡេង ជោគជ័យ ក្នុងក្រុងសិរីសោភ័ណដូចគ្នា មន្ត្រីជំនាញបានធ្វើតេស្តលើផលិតផលមួយចំនួនដូចជា ឆៃប៉ូវ ប្រហិតសាច់គោ សាច់ក្រក ស្លឹកគ្រៃបុកគ្រឿង ណែម សង្វាក់ លទ្ធផលក៏រកមិនឃើញវត្តមានសារធាតុគីមីហាមឃាត់ដែរ។

ក្រោយពីចុះក្នុងផ្សារ ក្រុមការងារក៏បន្តចុះត្រួតពិនិត្យតូបលក់អីវ៉ាន់គ្រឿងទឹកដោះគោក្មេង បានរកឃើញទំនិញហួសកាលបរិច្ឆេទ ដូចជាទឹកដោះគោជូរ១៦ដប ដំណាប់មៀន គាមបួយ ទឹកដោះគោអាហារបំប៉ន ទឹកដោះគោខាប់ សរុបប្រមាណ៧គីឡូក្រាម សាខាកាំកុងត្រូលធ្វើការដកហូតយកទៅរក្សាទុកដុតកម្ទេចចោល៕

មតិយោបល់