ភ្នំពេញៈ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរមួយក្រុមមានគ្នាប្រហែល ៦នាក់ បានជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ឲ្យដួលរួចលើកម៉ូតូ ជិះគេចខ្លួនទៅបាត់ ដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចនោះទេ ស្ថិតតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់សាំងលីម ឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សុខ ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្ដុំរោងចក្រជូអឹមអាយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង ម៉ាកសង់ប៊ិច និងមួយគ្រឿងទៀតម៉ាកឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខឧត្តរមានជ័យ 1D-7992 តាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត បំណងទៅយកសង្សារដើរលេងនៅកោះពេជ្រ។
លុះមកដល់ចំណុចខាងលើ ស្រាប់តែ ជនសង្ស័យមានគ្នាប្រហែល ៦នាក់ ជិះម៉ូតូមកពីក្រោយ រួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យម៉ូតូដួល រួចពួកគេបានដកខ្សែក្រវ៉ាត់វាយ ធ្វើឲ្យជនរងគ្រោះតក់ស្លុត ក៏នាំរត់ចេញពីម៉ូតូឌ្រីម០១៩ ភ្លាមៗនោះ ជនសង្ស័យបានលើម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍អូរបែកក្អម តែមេប៉ុស្តិ៍ឆ្លើយថា មិនមែនដីសែនសុខទេ ដោយអះអាងថា ករណីប្លន់នេះ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រួចក៏ទាក់ទងទៅសមត្ថកិច្ចពោធិ៍សែនជ័យ មកដឹកជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១៕
មតិយោបល់