កំពង់ធំៈ រោងចក្រកិនឈើធ្វើក្ដារបន្ទះ របស់ក្រុមហ៊ុនអង្គរប្លាយវូដ ដែលស្ថិតនៅម្ដុំផ្លូវបំបែក ទៅខេត្តព្រះវិហារ ត្រង់ភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិងកំពុងទទួលរងការរិះគន់ថា បានដឹកឈើខុសច្បាប់ចូលមកផលិត ពុំអនុវត្តន៍តាមច្បាប់អនុញ្ញាតនោះទេ។ ចំណែកសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលនៅក្បែររោងចក្រនេះ ហាក់ដូចជាគ្មានចំណាត់ការអ្វីនោះឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ថា ជាការត្រូវរ៉ូវគ្នា។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៃស្ថាប័នខ្លះ ដែលបានឃើញច្បាប់អនុញ្ញាត និងឈើនៅក្នុងរថយន្តធុនធំ ដឹកចូលរោងចក្រនេះ បានអះអាងថា ជាប្រភេទឈើហ៊ុបមូល ដែល មានទំហំមុខកាត់ពី៣០ទៅ៦០ស.ម(សង់ទីម៉ែត្រ) ហើយក្នុង១យប់ៗគឺដឹកចូលពី៤ទៅ៦រថយន្តធុនធំ។ ចំណែកនៅក្នុងច្បាប់អនុញ្ញាត គឺមានទំហំមុខកាត់១៥.៣៥(សង់ទីម៉ែត្រ)តែប៉ុណ្ណោះ។
ប្រភពបានបន្តឲ្យដឹងថា សកម្មភាពដឹកឈើខុសពីច្បាប់អនុញ្ញាតនេះ ត្រូវបានគេទំនាក់ទំនងជាមួយ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់មួយចំនួននៅក្នុងខេត្តអស់ហើយ ទើបមិនមានប្រតិកម្មអ្វីនោះ។
ប្រភពដដែលបានបន្តទៀតថា ឈើហ៊ុបមូល ដែលគេដឹកចូលរោងចក្រកិនឈើធ្វើក្ដារបន្ទះ របស់ក្រុមហ៊ុន អង្គរប្លាយវូដ នេះ មានឈើខ្លះ ដឹកមកពីខេត្តព្រះវិហារ និងនៅក្នុងខេត្តកំពង់ធំនេះ ហើយឈើទាំងនោះ គឺចេញពីតំបន់ព្រៃឡង់ ដែលជាព្រៃហាមឃាត់ទាំងអស់។
ប្រភពដដែលនេះ បានសំណូមពរឲ្យលោកអភិបាលខេត្តកំពង់ធំ និងលោកនាយអធិការរដ្ឋបាលព្រៃឈើ ប៉ែកខាងជើងបឹងទន្លេសាប ជួយពិនិត្យទង្វើមិនប្រក្រតី របស់សមត្ថកិច្ចក្រោមឱវាទផង និងសូមឲ្យមានការអនុវត្តច្បាប់ស្មើភាពគ្នា ចំពោះមុខច្បាប់ កុំអនុវត្តច្បាប់តែអ្នកស៊ីឈើកំប៉េកកំប៉ុក គ្មានលុយទំនាក់ទំនង ចំណែកអ្នកធំដុំរួចខ្លួនរហូតនោះ។
ទាក់ទិន នឹងព័ត៌មានខាងលើនេះ លោក ហៀង ដែលគេដឹងថា ជានាយកក្រុមហ៊ុន អង្គរប្លាយវូដ កិនឈើធ្វើក្ដារបន្ទះនេះ មិនបានបំភ្លឺដូចម្ដេចនោះទេ ព្រោះទូរស័ព្ទរបស់គាត់ ពេលខលចូល ត្រូវសំឡេងមនុស្សស្រីទទួល ហើយតបដដែលៗថា គាត់មិននៅ ចាំជម្រាបគាត់(ម្ចាស់ទូរស័ព្ទ)។
ចំណែកលោកខោ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដែលមានដែនសមត្ថកិច្ចនៅទីនោះ គឺអ្នកសារព័ត៌មានសុំបំភ្លឺមិនបានទេនៅពេលនេះ ដោយទូរស័ព្ទរបស់លោកហៅមិនចូល៕
មតិយោបល់