ព័ត៌មានជាតិ

ហួសថ្លែង! កូនបង្កើត ទាញកាំបិតដេញកាប់អ្នកមានគុណ រត់ទាន់កុំអីចប់…

កណ្តាល: នៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ០៩ ខែមិថុនា ២០១៩ មានករណីអំពើហិង្សាក្នុងគ្រួសារ នៅចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ុន ពៅ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាឪពុក)។ ជនសង្ស័យឈ្មោះ ប៉ុន សំអាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាកូន) ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖ កាំបិតខ្វែវចំនួន ០១។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យជាកូន ធ្លាប់ប្រព្រឹត្តអំពើហិង្សា ក្នុងគ្រួសារជេរប្រមាថ រួមទាំងគំរាមកំហែងឪពុកម្តាយ។ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានទារលុយពីម្តាយ ទៅទិញបារី ពេលនោះឈ្មោះ មួង សុខឃឿន ជាម្តាយ បានឲ្យលុយចំនួន ២០០០៛ ស្រាប់តែជនសង្ស័យ យកលុយហែកបោះចោល ឃើញដូចនោះឈ្មោះ ប៉ុន ពៅ ជាឪពុក បានស្តីបន្ទោស ទើបកើតជាទំនាស់ពាក្យសម្តីជាមួយគ្នា ឈានដល់ជនសង្ស័យ ទាញកាំបិតខ្វែវដេញកាប់ឪពុក តែឪពុកជិះកង់គេចចេញពីផ្ទះផុត។

ភ្លាមនោះជនសង្ស័យ បានយកកាំបិតកាប់ទ្វារផ្ទះ ធ្វើពីដែកកញ្ចក់បែកអស់មួយចំហៀង និងកាប់ឆ្នាំងបាយអគ្គិសនីចំនួន ០១។

ក្រោយកើតកម្លាំងនគរបាលប៉ុស្តិ៍ពុកឬស្សី ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់