ភ្នំពេញៈ ស្លាកយ៉ីហោ របស់ហាង ពិសេសហាងចិន ជាច្រើនកន្លែង ទាំងសំណេរ ទាំងដាក់តាំង ឃើញថាខុសបរក្រតី ដាក់មកលើចិញ្ចើមផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ សរសេរអក្សរមិនបានគោរពទៅតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំណត់ឲ្យ ដែលធ្វើឲ្យប៉ះពាល់ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ សាធារណៈ និងវប្បធម៌ជាតិខ្មែរ ដោយសំណេរលើស្លាកខុស ហើយកន្លងមក គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះធ្វើការអប់រំ និងកាត់ស្លាកយ៉ីហោណាដែល ដាក់មកលើចិញ្ចើមផ្លូវចេញ នៅតាមផ្លូវបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ហើយមកដល់ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា បន្តដឹកនាំកម្លាំង ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវបេតុង បុរីព្រីនថោន ក្នុងសង្កាត់កាកាប២ និងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពលរដ្ឋ ម្ចាស់ទីតាំង ត្រូវមានស្មារតីចូលរួមសហការ សណ្តាប់ធ្នាប់ បរិស្ថាន ដើម្បីសោភ័ណ្ឌភាពក្នុងមូលដ្ឋាន ជៀសវាងយកស្លាក់យ៉ីហោ មកដាក់ រំលោភលើចំណីផ្លូវ ស្លាកសរសេរខុសប្រក្រតី មានតែអក្សរចិន អក្សរខ្មែរ មិនមាន ខុសពីគោលការណ៍របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោកអភិបាលរង បានធ្វើការអប់រំដល់ម្ចាស់ផ្ទះ ហាង ផងដែរ ធ្វើយ៉ាង ឲ្យមានច្បាប់អាជីវកម្មត្រឹមត្រូវ ស្លាកយ៉ីហោ សំណេរ ត្រូវអនុវត្តទៅតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានកំណត់ត្រឹមត្រូវ៕
មតិយោបល់