ព័ត៌មានជាតិ

លាន់ឮដូចរន្ទះ រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត

កណ្ដាល: កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

រថយន្ដបង្កម៉ាក KIA ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ក.៦៩៨៨.ភព៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកឯរថយន្ដមួយគ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4622 បើកបរដោយឈ្មោះ សេង ភាស់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួល ឃុំស្វាយរពា ស្រុកបរសែត ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្ដបង្កម៉ាក KIA ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៨ មកដល់ចំណកើតហេតុ បានបន្ថែមល្បឿនល្បឿន វ៉ាជែងរថយន្ដមួយគ្រឿងនៅខាងមុខ តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តម៉ាក HYUNDAI បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់