ព័ត៌មានជាតិ

រន្ទះបាញ់ចំបុរសម្នាក់ឯវាលស្រែបណ្ដាលឲ្យរបួសធ្ងន់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣៥នាទី បុរសម្នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ដោយករណីរន្ទះបាញ់នៅកណ្តាលវាលស្រែ ខណៈពេលរូបគាត់កំពុងបូមទឹកដាក់ស្រូវពង្រោះ ដែលមានចម្ងាយ ៨៥០ម៉ែត្រខាងកើតភូមិ។

ជនរងគ្រោះមានឈ្មោះ សាន ទី ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមការបកស្រាយពីជនរងគ្រោះផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទៅមើលស្រូវពង្រោះ នៅឯវាលស្រែខាងកើតភូមិ លុះទៅដល់ស្រែ ក៏ស្រាប់តែឃើញទឹកអស់ពីក្នុងស្រែគាត់យកម៉ាស៊ីនទៅបូមទឹក ខណៈនោះរូបគាត់ក្រឡេកឃើញ ផ្ទៃមេឃមានពណ៌ខ្មៅលាយឡំ និងខ្យល់ មួយសន្ទុះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ គាត់ក៏ប្រញាប់ប្រញាល់ពន្លត់ម៉ាស៊ីនហើយដើរចេញ រំពេចនោះ ក៏មានរន្ទះបាញ់បម្រុងឆក់យកជីវិតរបស់គាត់ តែផលបុណ្យល្អបានត្រឹមតែរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ចុះទៅយករូបគាត់នៅឯវាលស្រែ ហើយបញ្ជូនរូបគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ បច្ចុប្បន្នជនរងគ្រោះបានធូរស្រាលបន្តិចហើយនៅថ្ងៃទី១០ ព្រឹកនេះ៕

មតិយោបល់