ស្ទឹងត្រែងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់តែងខ្លួនជាប្រុសអណ្តែតទឹកទន្លេជិតគុលស្ពានមេគង្គ ខេត្តស្ទឹងត្រែង។
ហេតុការណ៍នេះមានបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចជិតគុលស្ពានមេគង្គថ្មីត្រើយខាងលិច ស្ថិតក្នុងភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយប្រាប់post news ថា នារីរងគ្រោះខាងលើនេះ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គេបានឃើញពួកគេមានគ្នីគ្នាចំនួនបីនាក់ ដោយមានស្ថានភាពស្រវឹងស្រានាំគ្នាមកចុះលេងទឹកត្រង់ចំណុចខាងលើ ក្រោយមកគេឃើញនារីរងគ្រោះលើកដៃលើកជើងស្រែកឲ្យគេជួយ ប៉ុន្តែមិត្តភក្តិស្មានតែធ្វើលេង ទើបនាំគ្នាធ្វើប្រងើយ ភ្លាមនោះស្រាប់តែនារីរងគ្រោះលិចបាត់ ទើបនាំគ្នាឆោឡោជ្រមុជទឹកតាមរកតែរកមិនឃើញទេ លុះមកដល់ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែឆ្នាំ ដដែល ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកត្រង់ចំណុចខាងលើរួច ក៏នាំគ្នាចុះស្រង់យកមកលើគោក។
សាច់ញាតិនារីរងគ្រោះបានប្រាប់ឲ្យដឹងថា សពនារីរងគ្រោះខាងលើមានឈ្មោះ កាវ សំណាង អាយុ២៥ឆ្នាំ (តែងខ្លួនជាប្រុស) មានមុខរបរជួយលក់នំប៉ាំងសាច់នៅផ្ទះ សព្វថ្ងៃរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការធ្វើកោសលវិច័យរួចមកសមត្ថកិច្ចសនិដ្ឋានថា សាកសពនារីរងគ្រោះ គឺស្លាប់ដោយសារលង់ទឹក ព្រោះនៅលើដងខ្លួនមិនមានរបួសសា្នមអ្វីដែលសង្ស័យជាអំពើឃាតកម្មឡើយ។
បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់