ព័ត៌មានជាតិ

ករណីឃាតកម្មបបួលមិត្តភក្ដិផឹកស៊ី រួចវាយប្លន់សម្លាប់ លួចយកទ្រព្យសម្បត្តិ នៅខេត្តបាត់ដំបង ចាប់បានជនដៃដល់ហើយ

បាត់ដំបងៈ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ករណីសម្លាប់មិត្តភក្ដិរបស់ខ្លួន ក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក ទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា​ កាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលមួយ នៅក្នុងក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពបុរស ម្នាក់អណ្តែតទឹកស្រះមួយកន្លែង រួចបានរាយការណ៍ជូនសមត្ថកិច្ច នគរបាលមូលដ្ឋាន។

តាមរយៈការពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសព និងស្រាវជ្រាវជំហានដំបូង ទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានមុខរបរ មិនពិតប្រាដក និងមានស្លាកស្នាមរបួស នៅផ្នែកក្បាលដោយអន្លើផង។

ដោយការស្លាប់បាត់បង់ជីវិតនេះ ត្រូវបានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនជនរងគ្រោះមួយចំនួន ដូចជាម៉ូតូ និងទូរស័ព្ទ បានបាត់បង់ ដែលធ្វើឲ្យសមត្ថកិច្ច មានការសង្ស័យ រួចការបើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ រហូតកំណត់បាននូវមុខសញ្ញាស័ង្សយ ក្នុងករណីនេះ ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយការកំណត់មុខសញ្ញា ដែលពាក់ព័ន្ឋក្នុងករណីនេះ ស​មត្ថកិច្ច បានសហការធ្វើការស្រាវជ្រាវលើភូមិសាស្រ្តស្រុកចំនួន០៤ គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ទើបរហូតដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ឃាត់ខ្លួនជនស័ង្សយបាន ក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួក គេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូត។

ជនស័ង្សយចំនួន០២នាក់នោះ គឺ១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនស័ង្សយបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភក្ដិ របស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី ៥ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងពេលបបួលមកផឹកស៊ីប្រាកដមែន ដើម្បីប្លន់យកទ្រព្យសម្បត្តិ ដោយប្រើប្រាស់ញញួរ និងដែកវាយក្បាលសម្លាប់ ហើយសែងទម្លាក់ចូលទឹកស្រះ ក្នុងភូមិក្បែរកន្លែងកើតហេតុ មុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។

វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ គឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន ០២ គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន០១មានលេខ បាត់ដំបង 1X-1539 ព្រមទាំងញញួរ ដែកនិងកាំបិតផង។

បច្ចុប្បន្នជនសង័្សយ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមនិតិវិធី៕

មតិយោបល់