ព័ត៌មានជាតិ

ចូលទិញពងទាមួយភ្លែត មកវិញចោរលួចម៉ូតូ ទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ ស្ត្រីម្នាក់រត់ទាំងទឹកភ្នែកយំសស្រាក់ ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ បន្ទាប់ពីចោរលួចកាច់សោ.កម៉ូតូក្រោយខ្នង យកទៅបាត់ គ្រាពេលដែលគាត់ ចូលទិញពងទាមួយភ្លែត នៅផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។

ស្ត្រីរងគ្រោះឈ្មោះ ម៉ី ឡេង អាយុ២៧ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបល័ង្គ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកម៉ូតូដែលលោកចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9781 ។

តាមការយំរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់ បានជិះម៉ូតូ មកផ្សារដើម្បីទិញពងទា យកទៅលក់នៅឯផ្ទះជួល ដោយចតម៉ូតូទុកមុខផ្សារ ចម្ងាយប្រមាណ៥ម៉ែត្រក្រោយខ្នង រវល់តែរើសពងទា សឹងមិនបាន៥នាទីផង បានហើយ ចេញមកវិញ ក្រឡេកមើលក្រោយ ចោរលួចម៉ូតូទៅបាត់ដោយសុវត្តិភាព ទើបឆោឡោតែម្ដង។

ក្រោយកើតហេតុ ធ្វើឲ្យគាត់មានអារម្មណ៍ថា អស់សង្ឃឹម បន្ទាប់ពីចោរធ្វើសកម្មលួចម៉ូតូលឿននោះលឿន ធ្វើឲ្យគាត់សោកស្តាយរបស់ទ្រព្យ ស្រែកទ្រហោយំ រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគម៍ស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់