ត្បូងឃ្មុំៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១និង៣០នាទីរសៀល ត្រង់ចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តីបានសម្លាប់ប្រពន្ធរបស់ខ្លួន។
ជនសង្ស័យឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ ២៣ឆ្នាំ បានយកកាំបិតកាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ ១៧ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ដំណើររឿង៖ យោងតាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ បន្ទាប់ពីរៀបការរួចក្នុងមួយរយៈ ក្រោយចេះតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះមកដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។
មូលហេតុ៖ ជម្លោះនេះគឺបណ្តាលមកពីការប្រច័ណ្ឌ។
សូមបញ្ជាក់៖ បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួនបាត់ បច្ចុប្បន្នម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ចំណែកសព ត្រូវបានធ្វើកំណតហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់