ព័ត៌មានជាតិ

រថយន្តដឹកដី បើកបុកបង្គោលភ្លើង បណ្តាលឲ្យដាច់ភ្លើង ៣ខណ្ឌ

ភ្នំពេញ: យោងតាមផេកអគ្គិសនី បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង២៥នាទីព្រឹក អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F3&F21) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បាក់មួយដើម ដែលរថយន្តដឹកដីបើកបុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិវិមានទ្រង់ ភូមិព្រៃមូល ភូមិសំរោងទាវ ភូមិត្រពាំងមាន ភូមិជាងទង ភូមិព្រៃខ្លា ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (៣)ភូមិវាល សង្កាត់ស្នោរ (៤)ផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង និង សង្កាត់សំរោងក្រោម (៥) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៧ និង០០នាទីល្ងាច។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់