ព្រះសីហនុៈ តាមរបាយការណ៏ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បាននាំខ្លួនជនជាតិឥណ្ឌូនេស៊ី និងមន្រ្តីយោធា ម្នាក់ទៀត ដែលបើកបររថយន្តពាក់ស្លាកលេខខេមរភូមិន្ទ (ខ.ម) ក្លែងបន្លំ មកណែនាំអប់រំ និងធ្វើការកិច្ចសន្យា ។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាលោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ហើយប្រតិបត្តិការនេះ ដឹកនាំដោយលោក គីវ ប៊ុណ្ណារិទ្ធ នាយការិយាល័យបទល្មើសយោធា ដោយបានចុះឆែកត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបររថយន្តពាក់ស្លាកលេខខេមរភូមិន្ទ (ខ.ម) ក្លែងបន្លំ គ្មានឯកសារ បញ្ជាក់ត្រឹមត្រូវ កំពុងចរាចរណ៍តាមដងផ្លូវ ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់:
១/ឈ្មោះ កើត សុផល អត្តលេខ:
២៣២៨៣១ ឋានន្តរសក្តិថ្នាក់ “អនុសេនីយ៍ឯក” មុខងារ ជំនួយការ
ការិយាល័យបុគ្គលិក អង្គភាពបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន (បើកបររថយន្តស្លាកលេខខ-ម គ្មានឯកសារ)។
២/ឈ្មោះ KUANIA WAN WIJAYA
ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅក្នុងកាស៊ីណូ SV ខេត្តព្រះសីហនុ ជាអ្នកហៅរថយន្តមកពីភ្នំពេញតាមរយ:មិត្តភ័ក្រ ឈ្មោះ ដេវីត មុខរបរ លក់ឡាន នៅភ្នំពេញ សម្រាប់យកមកដឹកភ្ញៀវចិនពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចូលមកក្នុងក្រុង។
ដកហូតវត្ថុតាង៖
១-រថយន្ត ចំនួន០១គ្រឿង ម៉ាកEscalade
សេរីផលិតឆ្នាំ២០០៤ បិទស្កុតពណ៌ត្រេអ៉ី
ពាក់ស្លាកលេខ (ខ-ម០២ ២-៣១៧១)។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថអះអាងថា ដោយយោងតាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ចំពោះជនជាតិឥណ្ឌូនេសុី បានណែនាំអោយធ្វើកិច្ចសន្យា អប់រំ ត្រឡប់ទៅវិញ។ ចំពោះមន្រ្តីយោធា ត្រូវរង់ចាំឲ្យមេញ្ជាការអង្គភាពមកធានា និងធ្វើកិច្ចសន្យាយកត្រឡប់ទៅអង្គភាពដើមវិញ។ ចំណែករថយន្ត ត្រូវដកហូត យកមករក្សាទុកក្នុងទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី៕
មតិយោបល់