ព័ត៌មានជាតិ

ជនជាតិចិនស្រវឹង បើករថយន្តទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ភ្លាមៗ

ភ្នំពេញ: បុរសជាជនជាតិចិន២នាក់ស្រវឹងជោកជាំ បានបើករថយន្តបោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់មួយរំពេច កាលពីវេលាម៉ោង១០ និង៣០នាក់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយទឹកស្អុយ ក្បែរសាលាមុំតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងភូមិគ្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះទី១ជាអ្នកបើកបរម៉ូតូមានឈ្មោះ ស្រេង ជាវ អាយុ២៤ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការម្តុំផ្សារត្រពាំងថ្លឹង មានស្រុកកំណើតនៅភូមិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ ជាអ្នករួមដំណើរអង្គុយពីក្រោយមានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែកស្នាក់នៅជាមួយគ្នា មានស្រុកកំណើរនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HI-078 ចេញមកពីកន្លែងធ្វើការនៅផ្តុំផ្សារត្រពាំងថ្លឹង បម្រុងធ្វើដំណើរទៅលេងផ្ទះ តាមបណ្ដោយផ្លូវ១៩៦២ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាករ៉េនរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-0777 បើកបរដោយបុរសជាជនជាតិចិនចំនួន២នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ជាមួយល្បឿនយ៉ាងលឿន ហើយព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ក៏ជ្រុលចូលផ្លូវម្ខាងទៀត ទៅបុកនិងម៉ូតូខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះទាំងពីរនាក់ ហោះចេញពីម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ បាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ចំណែកឯម៉ូតូបានខ្ទាតផ្លោងចេញពីលើផ្លូវប្រមាណ១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ករងការខូចខាតដាច់ក្រឡេ និងក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្តបង្ក ជាមួយអ្នកបើបររថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។

ដោយទ្បែកសពបុរសរងគ្រោះទាំងពីរនាក់ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅផ្ទះ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់